ព័ត៌មានទាន់ហេតុការណ៍៖

ដកតំណែងលោក ឈឺន សុធន ចេញពីអភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈឺន សុធន ចេញពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។ នេះបើយោងតាមអនុក្រឹត្យ ដែលផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ 

មាត្រា១ សម្រេចផ្ទេរភារកិច្ចលោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលស្រុកបសេដ្ឋ ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

មាត្រា២ សម្រេចតែងតាំងលោក សំអឿន សុបញ្ញា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

គួររំលឹកផងដែរថា លោក ឈឺន សុធន ធ្លាប់ត្រូវបានលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចេញលិខិតព្រមាន និងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់។ ករណីទិញលក់ដីរដ្ឋនេះ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ។

នៅក្នុងលិខិត លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរ ការបើកទឹក ពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក។

នៅក្នុងលិខិតបានបញ្ជាក់ច្បាស់ៗថា «អង្គភាពប្រឆាំងអំពើពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរខាង លើនេះ ជាបន្ទាន់ ព្រោះទង្វើនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីនេះ»។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «ក្នុងករណីលោកអភិបាលស្រុក មិនព្រមបញ្ឈប់នូវសកម្មភាពទាំង ២នេះ ឬសកម្មភាពទាំង២ នៅតែបន្តអនុវត្ត តាមមាត្រា២៦ (បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់លោកអភិបាលស្រុក»៕

ដោយ៖ សូរិយា


ចែករំលែក៖