ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលកម្ពុជា​ បើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួចសរុបជាង ៣៥លានដុល្លារអាមេរិក​ ក្នុងរយៈពេលជាង ៦ឆ្នាំមកនេះ!

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត​ អ៉ិត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេចំនួនសរុបជាង ៣៥ម៉ឺន ៦ពាន់នាក់ ចំនួនកូនជាង ៣៥ម៉ឺន ៨ពាន់នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥លានដុល្លារអាមេរិក។

​លោករដ្ឋមន្រ្តីក្រសួងការងារ បា​នគូសបញ្ជាក់ថា៖ វឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិកម្មការិនីឆ្លងទន្លេនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ១៦៤នាក់ ចំនួនកូន ១៦៥នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៦៦លានរៀល។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានឱ្យដឹងទៀតថា​ បើគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លង​ទន្លេចំនួនសរុបជាង ១ម៉ឺន ២ពាន់ ១០០នាក់ ចំនួនកូនជាង ១ម៉ឺន ២ពាន់ ២០០នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជិត ៥ប៊ីលានរៀល។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្មវិធីនេះ នឹងបន្តអនុវត្តន៍ដើម្បីគាំពារមាតា និងទារក ក្នុងចំណោមបងប្អូនកម្មករនិយោជិតសេដ្ឋកិច្ចក្នុង និង​ក្រៅប្រព័ន្ធជានារី។

គួរបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូននេះ សម្រាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួល​បានប្រាក់ចំនួន ៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់) ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន១២០ម៉ឺនរៀល។ លើសពីនេះទៀត ចំពោះកូនភ្លោះ ០៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយ​ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀត ពីសម្តេចតេជោផ្ទាល់ផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖