ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានដឹកនាំ និងបញ្ជាផ្ទាល់មន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បង្រ្កាបក្រុមញៀនល្បែងសុីសង(បញ្ជល់មាន់)ភ្នាល់លុយ ដោយឃាត់ខ្លួនបានចំនួន៣នាក់រួមទាំងវត្ថុតាងជាក់ស្ដែង ដើម្បីយកទៅសួរនាំកសាងសំណុំរឿងតាមនីតិវិធី ។
ប្រតិបត្តិការសមត្ថកិច្ចនគរបាលសហការបង្រ្កាបក្រុមញៀនល្បែងសុីសង(បញ្ជល់មាន់)ភ្នាល់លុយនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចព្រៃល្ពៅ ស្ថិតនៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
យោងរបាយការណ៍លោក វរសេនីយ៍ឯក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដែលបានដឹកនាំ និងបញ្ជាផ្ទាល់បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទី-១ ឈ្មោះ ភឿន គឹមស៊ុយ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ(ម្ចាស់ផ្ទះ និងអ្នកផ្ដល់ទីតាំង)ទី-២ ឈ្មោះ សូ សុខឃឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ(អ្នកសុំទីតាំង)និងទី-៣ ឈ្មោះ ចាន់ កង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ(អ្នកលេង) ។
ក្នុងរបាយការណ៍ដដែលបានដកហូតវត្ថុតាងរួមមាន ៖ មាន់ចំនួន០៥ក្បាល ,កន្រ្អកចំនួន០៥ ,ជញ្ជីងថ្លឹងចំនួន១ ,ម៉ូតូចំនួន៥គ្រឿង ,ស្កុតរុំខ្នាយមាន់ចំនួន២០ដុំ ,ស្កុតជ័រចំនួន២ដុំ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនយកទៅសួរនាំដើម្បីកសាងសំណុំរឿងតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕
ដោយ៖ ប៉ឹម ពិន