ភ្នំពេញ ៖ មានរថយន្តម៉ាក Lexus RX330 មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿន ហេីយក៏ជ្រុលទៅបុករថយន្តហាយឡេនឌ័រ ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តហាយឡេនឌ័រខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃើញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 20-7956បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងនឹងបត់ស្ដាំចូលទៅផ្ទះក៏ ស្រាប់តែមានរថយន្តម៉ាកLexusRX330 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9274បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយយ៉ាងលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រពេញទំហឹងបណ្ដាលឱ្យរថយន្តហាយឡេនឌ័រប៉ើងធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹកតែសំណាងល្អតៃកុងរថយន្តហាយឡេនឌ័របានបើកទ្វារចេញទាន់ដោយគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ ចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស បានចុះមកដល់រួចឱ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា ។ បន្ទាប់មកភាគីម្ចាស់រថយន្តបង្កម៉ាក Lexus RX330 ព្រមសងថ្លៃខូចខាតទៅលើរថយន្តហាយឡេនឌ័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ