TikTok បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បី កុំឲ្យមេដឹកនាំប្រទេសនៅអឺរ៉ុបមានការព្រួយបារម្ភលើសុវត្ថិភាពទិន្នន័យ ខណៈដែលរដ្ឋាភិបាលប្រទេសក្នុងតំបន់អឺរ៉ុបកំពុងតែពិចារណាបិទកម្មវិធីចែករំលែកវីដេអូរបស់ក្រុមហ៊ុនចិនមួយនេះ។
ក្តីបារម្ភរបស់ប្រទេសនៅអឺរ៉ុបបានកើតឡើងក្រោយពេលដែលក្រុមឃ្លាំមើលអ៊ីនធើណេតឆេកចេញការព្រមានថា កម្មវិធីTikTok អាចទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលនេះគឺជាការគម្រាមកំហែងខ្លាំងមួយទាក់ទងនឹងសុវត្ថិភាពរបស់ប្រទេសនីមួយៗ។
មហាអំណាចលោកខាងលិច រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះកម្មវិធីTikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance។ ពួកគេព្រួយបារម្ភថាទីក្រុងប៉េកាំងអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ពីជុំវិញពិភពលោក។
ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ នាយកប្រតិបត្តិ TikTok បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយក្រុមហ៊ុនសន្តិសុខអឺរ៉ុបភាគីទីបី ដើម្បីត្រួតពិនិត្យ មើលពីរបៀបដែលវាគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុប ហើយទិន្នន័យទាំងនោះនឹងត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលចំនួនពីរក្នុងទីក្រុង Dublin និងមួយនៅប្រទេសន័រវេសចាប់ពីឆ្នាំ 2023 តទៅ។បច្ចុប្បន្នទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបត្រូវបានរក្សាទុកនៅក្នុងសហរដ្ឋអាមេរិក និងសិង្ហបុរី។
ទោះបីជាយ៉ាងនេះក្តីក៏ក្រុមហ៊ុនTikTok មិនទាន់បានប្រាប់ឈ្នោះរបស់ក្រុមហ៊ុនទី៣ដែលពួកគេកុំពុងតែសហការរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបនោះឡើយ។ ចំណែកនៅសហដ្ឋអាមេរិកវិញក្រុមហ៊ុនTikTokមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនSilicon Valley giant Oracle ដើម្បីរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាមេរិក ៕ ដោយ ៖ ភារៈ
(ប្រភព channelnewsasia.com)