ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំង និងផ្ដាំផ្ញើការងារចាំបាច់មួយចំនួន ដល់កងកម្លាំងនៅអង្គភាពអន្ដរាគមន៍ពិសេស កាលពីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្ដរាគមន៍ពិសេស បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅជូន លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងអន្ដរាគមន៍ពិសេសដោយផ្ទាល់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ប្រធាន អនុប្រធាន និងមន្ដ្រីទាំងអស់ នៃអង្គភាពអន្ដរាគមន៍ពិសេសដោយក្ដីនឹករលឹក។ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលដែលអង្គភាពជាសម្រេចបានដោយជោគជ័យនៅពេលកន្លងមក។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងថា៖ បើទោះបីទទួលបានជោគជ័យនូវការងារកន្លងមកក្ដី ក៏នៅមានចន្លោះប្រហោរមួយចំនួនកើតមានផងដែរ ប៉ុន្ដែភាពអវិជ្ជាមានទាំងអស់នោះ ត្រូវបានលុបបំបាត់ទៅដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ ព្រមទាំងទទួលបានការសាទរពីថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានគូសបញ្ជាក់ទៀតថា នៅមានកិច្ចការចំពោះមុខច្រើនទៀត ដែលកងកម្លាំងទាំងអស់ត្រូវតែរួមគ្នាអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។ ជាក់ស្ដែងនៅពេលខាងមុខ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំប្រធានអង្គភាព និងមន្ដ្រី ត្រូវពង្រឹងសមត្ថភាពបន្ដទៀត ដោយត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ប្រមូលផ្ដុំកម្លាំងនៅអង្គភាព ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង ព្រោះជោគជ័យកន្លងមក គឺកើតចេញពីការសាមគ្គីភាពរបស់ប្រធានអង្គភាព និងមន្ដ្រីទាំងអស់ នៃអង្គភាពអន្ដរាគមន៍ពិសេស។ លើសពីនេះ ត្រូវពិនិត្យវាយតម្លៃ ប្រកបដោយតម្លាភាព និងស្មើភាពគ្នា ដើម្បីស្នើលើកសរសើរ និងតម្លើងឋានន្ដរស័ក្ដិជាដើម។
គួរជម្រាបថា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាន ក៏បាននាំយកនូវអំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន រថយន្ដ២គ្រឿង មួយគ្រឿងជូនអង្គភាពអន្ដរាគមន៍ពិសេស និងមួយគ្រឿងទៀត ជូនអង្គភាពតម្រួតបទបញ្ជា, ម៉ូតូ៤គ្រឿង, ថវិកាចំនួន៥លានរៀល, អង្ករ៣តោន, មី១០កេស, ត្រីខ១០កេស ព្រមទាំងឧបត្ថម្ភថវិកាជូនមន្ដ្រីគ្រប់ៗរូប។ បន្ថែមពីនេះ ក្នុងឱកាសទិវានារីអន្ដរជាតិ៨មីនា លោកក៏បានជូនពរដល់កងកម្លាំងនារី នៃអង្គភាពអន្ដរាគមន៍ពិសេសផងដែរ៕
ដោយ៖ សហការី