ភ្នំពេញ ៖ នៅថ្ងៃទី២៣ខែមីនាខាងមុខនេះកងទ័ពកម្ពុជាចំនួន២ ៨៣១នាក់ រួមជាមួយនិងកងទ័ពចិនចំនួន២៥៧នាក់ នឹងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំក្នុងគោលបំណងការពារសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា កងទ័ពកម្ពុជានិងចិន បានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នានៅថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីក រាយ)នៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង ពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
លោកឧត្តមសេនីយ៍ទោមានប្រសាសន៍ថា «សមយុទ្ធឆ្នាំនេះមានឈ្មោះថា នាគមាស ២០២៣ ក្រោមប្រធាន បទ « ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំង ពីរ កម្ពុជា-ចិន»។ ពិធីបើកសមយុទ្ធនេះជាផ្លូវការនៅថ្ងៃទី២៣ ខែមីនានេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក តំណាង សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការ ពារជាតិកម្ពុជា។
បើតាមអ្នកនាំពាក្យរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទរូបនេះ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេល នេះយើងធ្វើរួមគ្នាបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ ២០២០ ។ យើងផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ដោយ សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានោះអ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទ ក៏បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល និងស្លន់ស្លោរពេលដែលកងទ័ព កម្ពុជា និងចិនដឹកសម្ភារៈតាមបណ្តោយផ្លូវជាតិលេខ៥ដើម្បីរៀបចំធ្វើសមយុទ្ធនាពេលខាងមុខ នេះ៕
ដោយ៖ សូរិយា