ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ក្នុងករណីបង្ក្រាបគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃព្រហស្បតិ៍ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមីនានេះ បានគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។
របាយការណ៍ដដែលបន្តថា ចំពោះលទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៤០៣ករណី ឃាត់មនុស្ស៣,៣២៦នាក់ (ស្រី២១៧នាក់)។
គួរជម្រាបដែរថា កម្លាំងសមត្ថកិច្ចជំនាញ នៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ មីនាម្សិលមិញនេះ។ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៦ករណី និងជនសង្ស័យ ១៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៣ករណី។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីងផងដែរ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ