ភ្នំពេញ៖ បុរសចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីពួកគេបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីម ហើយបន្តបុកចូលការដ្ឋានសំណង់ មួយកន្លែងទៀតបណ្ដាលឲ្យក្រឡាប់ផ្ងារជើងនិងរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងមុនពេលកើតហេតុបានឃើញបុរសម្នាក់បានបើករថយន្ត ម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BK 4535 និងមានបុរសពីរនាក់ទៀត រួមដំណេីរជាមួយធ្វេីដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន បន្តបុកចូល ជញ្ជាំងការដ្ឋានសំណង់មួយកន្លែង ធ្លុះចូលដល់ក្នុងក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ម្នាក់ស្រាល២នាក់។
ក្រោយកើតហេតុក្រុមកម្មករសំណង់ស្នាក់នៅក្នុងរោងក្បែរទីនោះនាំគ្នាជួយទាញ មនុស្សចេញពីក្នុងរថយន្ត ទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីកន្លែងកើតហេតុធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ