ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលផ្គត់ផ្គង់ឧស្ម័នឱ្យអុីតាលីចង់ឱ្យទីក្រុងរ៉ូមទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល

ចែករំលែក៖

នាយករដ្ឋមន្ត្រី អុីស្រាអែល លោក Netanyahu បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសអុីតាលីរយៈពេលបីថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបានស្នើឱ្យទីក្រុងរ៉ូមទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល។
កាលពីថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអុីតាលី ដោយពិភាក្សាអំពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ទីក្រុងរ៉ូម ក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់ទីក្រុងរ៉ូម ក្នុងការកំណត់ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនផ្ទុះឡើង។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Netanyahu គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា។

លោក Netanyahu បាននិយាយថា “ខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតរវាងអុីស្រាអែល និងអុីតាលី។ ខ្ញុំជឿថា ការរឹតបន្តឹងទំនាក់ទំនងជាមួយភាគីអុីតាលីនឹងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានដល់ភាគីទាំងពីរ” ។
ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន អុីតាលីបានប្តេជ្ញាជំនួសការនាំចូលថាមពលពីរុស្ស៊ី។
នៅខែវិច្ឆិកា ឆ្នាំ ២០២២ អុីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមប្រេងនិងឧស្ម័នពហុជាតិបារាំង TotalEnergies និងប្រេងនិងឧស្ម័នពហុជាតិ Eni (អុីតាលី) ដើម្បីចាប់ផ្តើមការរុករកឧស្ម័នធម្មជាតិ។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី Netanyahu ក៏បាននិយាយផងដែរថា គោលបំណងមួយទៀតនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni ឱ្យទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអុីស្រាអែល។
លោក Netanyahu បាននិយាយថា “ខ្ញុំជឿថាពេលវេលាបានមកដល់សម្រាប់ទីក្រុងរ៉ូម ដើម្បីទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីដូនតារបស់ជនជាតិជ្វីហ្វអស់រយៈពេល ៣.០០០ ឆ្នាំ ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយនឹងកាយវិការដ៏ថ្លៃថ្នូរនៃមិត្តភាព”៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖