ប្រទេសចិន៖ លោក ស៊ី ជីនពីង ដែលមានអាយុ ៦៩ឆ្នាំ បានប្រកាសជាប់ឆ្នោតជាផ្លូវការសម្រាប់អាណត្តិទី៣ ជាប្រធានាធិបតីចិន នៅថ្ងៃសុក្រទី១០ ខែមីនា ឆ្នាំ២០២៣ បានធ្វើឡើងនៅមហាសាលប្រជាជន ខណៈសភាបានបោះឆ្នោតតួនាទីកំពូលៗជាច្រើន។
សូមជម្រាបជូនថា សម្រាប់អាណត្តិថ្មីរយៈពេល ៥ឆ្នាំរបស់លោក ស៊ី ជីនពីង បានធ្វើឡើង បន្ទាប់ពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៨ ដែលបានលុបចោលការកំណត់អាណត្តិ។
គួរបញ្ជាក់ថា លោក ស៉ី បានចូលកាន់តំណែងអាណត្តិទី៣ ជាប្រវត្តិសាស្ត្ររួចហើយជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន នៅក្នុងសមាជបក្សដ៏ធំកាលពីខែតុលាឆ្នាំមុន ដោយបានក្លាយជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុង។ គណៈប្រតិភូនៅថ្ងៃសុក្រនេះ ក៏បានបោះឆ្នោតជ្រើសរើសលោក ស៉ី ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិនក្នុងការបោះឆ្នោតជាឯកច្ឆន្ទ ហើយលោក Han Zheng ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់ប្រទេសចិន។
ដោយឡែកលោក Li Qiang នឹងត្រូវបានកំណត់កាលបរិច្ឆេទតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន នៅថ្ងៃសៅរ៍ ហើយលោក Zhao Leji អាយុ ៦៦ឆ្នាំត្រូវបានជ្រើសរើសជាប្រធានសភាថ្មី។ ការផ្លាស់ប្តូរមេដឹកនាំប្រទេសធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយជាធម្មតាបង្ហាញការរុះរើដែលត្រូវបានប្រកាសនៅក្នុងសមាជបក្ស។ ប៉ុន្តែសមាជិកក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសនៅពេលដែលសភាជាតិចូលប្រជុំ៕
ដោយ៖ស តារា