ខេត្តកំពង់ធំ៖ ដោយសារជីវភាពខ្វះខាត អ៊ុំ និងក្មួយ ២នាក់បាននាំគ្នាដើរទៅឆ្លុះកង្កែប នៅក្បែរលំនៅឋាន តែជា អកុសលបានរអិលជើងធ្លាក់ទឹកស្រះ ស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់។
ករណីនេះត្រូវបានអ្នកភូមិប្រទះឃើញសពទាំង២នាក់ វេលាម៉ោងប្រមាណ០៩៖២០នាទីយប់ ថ្ងែទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ក្នុងនោះ៖
១/ឈ្មោះ កែន សាល ភេទស្រី អាយុ៤៥ឆ្នាំ ជាស្ត្រីម៉េម៉ាយ ត្រូវជា(អ៊ុំបង្កើត) និង២/ឈ្មោះ ណាក់ សៀវហេង អាយុ០៥ឆ្នាំត្រូវជា(ក្មួយ) ទាំង២នាក់រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យទៅលើសពទាំង២រួចមក បានបញ្ជាក់ថា សពទាំង២ពិតជាលង់ទឹកស្រះពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់ទៅដល់គ្រួសារសពយកមកធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថា សពកុមារាដែលបានស្លាប់នោះ មានឪពុកជាជនពិការដៃទាំងពីរហើយមានជីវភាពខ្វះខាតខ្លាំង និងមានកូនតែម្នាក់គត់។ ដោយឡែកប្រពន្ធវិញទៅស៊ីឈ្នួលគេនៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សូរិយា