ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣នេះ! ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំជាង ៦ ៨០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយកាណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣នេះថា៖​ ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០ លានដុល្លារអាមេរិក ​ថយចុះប្រមាណជាង ២១ ភាគរយ ​បើធៀបទៅរយៈពេលដូចគ្នា និងឆ្នាំ២០២២ ។

របាយកាណ៍ដដែល​ បានបង្ហាញការនាំចេញនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥ លាន​ដុល្លារអាមេរិក ថយចុះ៨ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។

សូមជម្រាបជូនថា​ នៅក្នុងរយៈពេល ២ខែនេះ ការនាំចេញទំនិញរបស់កម្ពុជា រួមមាន៖ ការនាំចេញម៉ាស៊ីន និងឧបករណ៍​អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៥៧ លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, ធញ្ញជាតិ ជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម ជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និង​គ្រាប់ផ្លែឈើ ជាង ១០៦ លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ, កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤ លានដុល្លារ កើនឡើង ៦៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ។

ដោយឡែកការនាំចេញផលិតផល​សំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញ​មានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ, ស្បែកជើង ស្រោមជើង និង​ផលិតផល​ប្រហាក់ប្រហែល ជាង ២០០ លានដុល្លារ ថយចុះជាង ២៧ ភាគរយ ក្រៅពីការនាំចេញ​ខាងលើនេះ​ កម្ពុជាបាននាំចេញផលិតផលផ្សេងៗ​ជាច្រើនទៀត​។

ចំណែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ, នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំនេះ​ ​កម្ពុជា​បាន​នាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់ការនាំចេញទៅ​សហរដ្ឋ​អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ​ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ ​លានដុល្លារ ​ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ ​កើនជិត ២ ភាគរយ, ថៃ ជាង ២០៤​ លានដុល្លារ កើន ១៣ ភាគរយផងដែរ ​ក្រៅពីនេះកម្ពុជាបាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែល​ជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា៕

ដោយ៖សហការី


ចែករំលែក៖