ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យ អាជ្ញាធររាជធានីភ្នំពេញ រៀបចំ ឱ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យ ឯកជនឱ្យចូលរួមវិនិយោគអភិវឌ្ឍន៏ ចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយ ការចតយានយន្តតាមដងផ្លូវសាធារណៈ ហើយការសាងសង់សំណង់នានា របស់រដ្ឋ និងឯកជន ត្រូវមានចំណតយានយន្តឱ្យបានគ្រប់គ្រាន់ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍។
សម្ដេចក្រឡាហោមបានជំរុញបែបនេះ កាលពីរសៀលថ្ងៃទី១០ មីនា ២០២៣ ខណៈ សម្តេចអញ្ជើញជាអធិបតី ក្នុងពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញនៅ សណ្ឋាគារសុខាភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារ អនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសចូលរួមធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព និងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យនិងមានសុវត្ថិភាព។ ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានី ភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ត្រូវខិតខំរួមគ្នា ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ បង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យមានការយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការ រដ្ឋបាលនិងវិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។ ខិតខំរៀបចំផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមដងផ្លូវឱ្យមានសណ្តាប់-ធ្នាប់ល្អ ដោយផ្តល់អាទិភាពដល់ការរៀបចំភ្លើង និងផ្លាកសញ្ញាចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង បានជម្រុញអោយ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលរាជរដ្ឋាភិបាលបានសម្រេចអនុម័តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០) ដែលផ្ដោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវ រវាងក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគឯកជនធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនានាស្រប តាមគោលការណ៍ច្បាប់។ជម្រុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនិងឆ្លាតវៃ ដោយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ ។ បន្តយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីផ្តល់ ការគាំទ្រនានាដល់យន្តការច្រកចេញចូលតែមួយគ្រប់ថ្នាក់ឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព សំដៅទទួលបានការគាំទ្រនិងជឿទុកចិត្តពីប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងការគ្រប់គ្រងមន្ដ្រីរាជការ បុគ្គលិកក្នុងការបំពេញការងារឱ្យបាន ត្រឹមត្រូវតាមពេលម៉ោងកំណត់ ។ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៃរាជធានីភ្នំពេញ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យធ្វើការចូលរួមក្នុងការ អភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពខាងព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោង ចាប់យកបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា៖ អង្គសន្និបាត២ថ្ងៃនេះ បានប្រើប្រាស់វិធីសាស្ត្រ បែងចែកក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ ជាលទ្ធផលគឺបានប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញឆ្នាំ២០២៣ ។ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាម ក្រោយការធ្វើកំណែទម្រង់ការគ្រប់គ្រងសំណល់រឹង-សំរាម នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចំនួន ៣ បាននឹងកំពុងប្រតិបត្តិការសេវាប្រមូល សម្អាត និងដឹកជញ្ចូនសំរាម ដោយជាមធ្យម ក្រុមហ៊ុនប្រមូលសំរាម-សំណល់រឹងបានប្រមាណ ៣.៣០០តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញ លែងមាន ការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានទីក្រុងស្អាត ។អង្គសន្និបាត បានស្នើសុំពន្លឿនការរៀបចំរចនា សម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង ជាមួយនឹងការពង្រឹងយន្តការគ្រប់គ្រងចំណូលពីវិស័យនេះ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើទោះបីការដោះស្រាយនេះ មិនមែនជាការកាត់សេចក្តីចាញ់ឈ្នះក្តី ប៉ុន្តែ ជាការសម្រុះសម្រួលគូភាគីវិវាទ ដោយក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសរុបចំនួន១.៥៨៩ ករណី។
លោកបន្តថា៖ ឈរលើមូលដ្ឋានពិសោធន៍នៃការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ នៅ រាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ អង្គសន្និបាត បានយកបទពិសោធន៍ល្អៗ នៃការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ នាពេលកន្លងមក សម្រាប់ធ្វើជាមូលដ្ឋាន និងបានដាក់ចេញនូវទិសដៅការងារបន្ត។ អង្គសន្និបាតបានដាក់ចេញនូវប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការបន្តអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ រូមទាំងបទល្មើសផ្សេងទៀត ។
ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌នៅរាជធានីភ្នំពេញ៕
ដោយ ៖ សំរិត