ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងថា, មិនគួរប្រើយុទ្ធសាស្ត្រទុច្ចរិតណាមួយ ដែលជាចេតនាបង្កើតរឿងឡើងដោយខ្លួនឯង ហើយដាក់បន្ទុកសង្ស័យទៅលើអ្នកដទៃបែបនេះទេ! ។
លោករដ្ឋលេខាធិការ បានលើកឡើងថា,តែងតែមានការចោទប្រកាន់ជារឿយៗ ច្រើនលើក ច្រើនសា នាពេលកន្លងមកនេះ មកលើរូបខ្ញុំ និងបងប្អូនមួយចំនួន ពាក់ព័ន្ធនឹងសំបុត្រអនាមិក គំរាមលើបុគ្គលមួយចំនួននៅប្រទេសអូស្ត្រាលី ព្រមទាំងការគំរាមកំហែងបងប្អូនពលរដ្ឋខ្មែរនៅអូស្ត្រាលី ដើម្បីឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ។
លោកបណ្ឌិតគូសបញ្ជាក់ថា,បងប្អូនដឹងហើយថា ប្រទេសអូស្ត្រាលី ជាប្រទេសប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ហេតុនេះសួរថា តើហេតុអ្វីបានជាសមត្ថកិច្ចអូស្ត្រាលី មិនចាត់វិធានការផ្លូវច្បាប់មកលើយើងខ្ញុំ ដូចការចោទប្រកាន់លើសកម្មភាពទាំងនេះ មកដល់ពេលនេះ?
ខ្ញុំសូមជូននូវចម្លើយចំនួន៣ប្រភេទ ដូចខាងក្រោមនេះ ដើម្បីទុកជូនពុកម៉ែបងប្អូនជួយពិចារណា និងជ្រើសរើសយកចម្លើយណាមួយ៖
ចម្លើយទី១៖ សមត្ថកិច្ចអូស្ត្រាលី អសមត្ថភាពក្នុងការស៊ើបអង្កេតរឿងនេះ!
បើចម្លើយទី១ ខាងលើនេះ មិនត្រឹមត្រូវ គឺមានតែចម្លើយទី២៖ សមត្ថកិច្ចអូស្ត្រាលី ជាបក្ខពួករបស់យើងខ្ញុំ កាន់ជើងយើងខ្ញុំ មិនស្រាវជ្រាវរឿងនេះ!
បើចម្លើយទី២ ខាងលើនេះ មិនត្រឹមត្រូវ គឺមានតែចម្លើយទី៣៖ វាជារឿងប្រឌិតមូលបង្កាច់ គ្មានភស្តុតាងណាមួយបញ្ជាក់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះឡើយ!
មិនគួរប្រើយុទ្ធសាស្ត្រទុច្ចរិតណាមួយ ដែលជាចេតនាបង្កើតរឿងឡើងដោយខ្លួនឯង ហើយដាក់បន្ទុកសង្ស័យទៅលើអ្នកដទៃបែបនេះទេ! ដូចពាក្យចាស់មួយពោលថា៖ ស្វាស៊ីបាយ លាបមាត់ពពែ! ៕
ដោយ ៖ សិលា