ខេត្តកំពង់ធំ ៖ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង៨០ម៉ឺននាក់ ខណៈពិធីបុណ្យនេះនៅបន្តលេងរហូតដល់យប់ថ្ងៃទី១០ ខែមីនា។ នេះជាការបញ្ជាក់ដោយ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះថា «ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណ៨០៨,៥០០នាក់»។
លោក សេង អាន បានបញ្ជាក់លម្អិតថា ក្នុងថ្ងៃទី០៧ ខែមីនា មានប្រមាណ១៨,៥០០នាក់, ថ្ងៃទី៨ ខែមីនា ប្រមាណ៣៨៥,០០០នាក់, ថ្ងៃទី៩ ខែមីនា ម្រមាណ៤០៥,០០០នាក់ សរុបចំនួន៣ថ្ងៃ មានប្រមាណ៨០៨,៥០០នាក់។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុងស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ និងមកពីខេត្តជុំវិញ ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារជាដើម។ លោកថា ពួកគាត់មានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញណាស់។
គួរជម្រាបថា ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេនេះ គឺធ្វើឡើងនារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានទាក់ទាញការចូលរួមទស្សនារបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរច្រើនលើសថ្ងៃចាប់ផ្ដើមទៅទៀត និងយ៉ាងសប្បាយរីករាយក្រៃលែង៕
ប្រភព ៖ ក្រសួងទេសចរណ៍