ព័ត៌មានទាន់ហេតុការណ៍៖

លោកឯកអគ្គរដ្ឋទូត​ចិនអញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋានប្រតិបត្តិបោសសម្អាតមីន​ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា (២០២៣-២០២៥)

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអោយដឹងថា, នាព្រឹកថ្ងៃទី៩ខែមីនា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋានប្រតិបត្តិបោសសម្អាតមីន​ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា (២០២៣-២០២៥)នៅខេត្តសៀមរាប។ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិន, ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងប្រជាពលរដ្ឋក្នុងស្រុកជាង ៣០០០ នាក់ក៏មានវត្តមានក្នុងពិធីខាងលើផងដែរ។

លោកឯកអគ្គរដ្ឋទូតចិន បានបង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការគំរាមកំហែងដោយមីន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើពិភពលោក ដោយ​សារគ្រាប់មីននិង​គ្រាប់មិន​ទាន់​ផ្ទុះ​ជាច្រើនបាន​បង្ក​ឱ្យមានគ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​កម្ពុជា។  ក្នុង​នាម​ជាមិត្ត”ដែកថែប” ប្រជាជន​ចិន​ក៏​យល់ពីទុក្ខលំបាកមួយនេះផងដែរ។  ចាប់តាំងពីឆ្នាំ២០១៨មក ភាគីចិនបានផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីននៃមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ទំហំដីដែលបង្កឱ្យមានហានិភ័យដោយសារមីនត្រូវបានសម្អាតអស់៧៤.៩២គីឡូម៉ែត្រការ៉េ ហើយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះចំនួន  ៧១៥៥៨ ត្រូវបានរកឃើញនិងបានបំផ្លាញចោល ប្រជាជនដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះមានចំនួនច្រើនជាង ៦០ ម៉ឺននាក់។

លោកឯកអគ្គរដ្ឋទូតចិន បានបន្តទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចដោយជោគជ័យនៅក្នុងប្រទេសចិនកាលពីមួយខែមុន ភាគីទាំងពីរបានឯកភាពចាប់ផ្តើមជាមួយនឹងវិស័យសំខាន់ៗចំនួន៦ រួមមាននយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ប្រភពថាមពល សន្តិសុខ និងមនុស្សសាស្រ្ត ធ្វើការកសាង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ”ត្បូងពេជ្រទាំង៦”រវាង​ចិននិង​កម្ពុជា។  ក្នុងនោះខ្លឹមសារសំខាន់មួយនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគឺជួយកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីននៅក្នុងឆ្នាំ២០២៥។  ចិននិងកម្ពុជានឹងចាប់យក”ឆ្នាំមិត្តភាពចិន-កម្ពុជា”ជាឱកាស ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងរួមគ្នានូវ”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ជំរុញទំនាក់ទំនងរវាងចិន-កម្ពុជាឱ្យបោះជំហានទៅមុខថែមមួយកម្រិតទៀត និងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

សម្ដេចពិជ័យសេនាតំណាងឱ្យសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីចិន ដែលតែងគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជានិងសកម្មភាពមនុស្សធម៌ផ្សេងទៀត។  សម្ដេចពិជ័យសេនាបានគូសបញ្ជាក់ថា ការសម្រេចគោលដៅគ្មានមីននៅក្នុងឆ្នាំ២០២៥ គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្រ្ដជាតិសំខាន់ដទៃទៀតរបស់កម្ពុជា គម្រោងបោសសម្អាតគ្រាប់មីនបានជួយបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ហើយសហគមន៍ក្នុងតំបន់និងប្រជាជនក្នុងតំបន់អាចកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងដែលបោសសម្អាតរួច អាចប្រកបមុខរបរផលិតកម្មសម្រាប់ជីវភាពរស់នៅ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។  បច្ចុប្បន្ននេះ កម្ពុជានៅមានផ្ទៃដីដែលមិនទាន់សម្អាតមីនប្រមាណ ៦៥០ គីឡូម៉ែត្រការ៉េ អំពាវនាវដល់សហគមន៍អន្តរជាតិបន្តបង្កើនការគាំទ្រលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។

សម្ដេចពិជ័យសេនាបានសង្កត់ធ្ងន់ថា ដោយសារបានចាក់វ៉ាក់សាំងកូវីដដែលជាជំនួយរបស់ចិន ស្ថានភាពជំងឺកូវីដនៅកម្ពុជាមានភាពធូរស្រាល ហើយបានស្ដារសេដ្ឋកិច្ចនិងសង្គមយ៉ាងគ្រប់ជ្រុងជ្រោយ ដោយសារទាំងនេះទើបអាចរៀបចំពិធីដ៏ធំនាថ្ងៃនេះបាន។  ភាគីកម្ពុជាសូមគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោករបស់ចិន ស្រឡាញ់រក្សាសន្តិភាពដែលទទួលបានដោយលំបាក ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច មនុស្សសាស្រ្ត និងសន្តិសុខ សម្រេចបាននូវវិបុលភាពនិងស្ថិរភាពយូរអង្វែងនៅក្នុងប្រទេសរបស់កម្ពុជា។

គម្រោងបោសសម្អាតមីនជំហានថ្មីដែលជាជំនួយរបស់ចិនជូនកម្ពុជា នឹងត្រូវអនុវត្តពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងជួយបោសសម្អាតមីនក្នុងផ្ទៃដីសរុបចំនួន ១០១.៥៤ គីឡូម៉ែត្រការ៉េដែលគ្របដណ្ដប់ក្នុងខេត្តគោលដៅចំនួនបីគឺខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ ដើម្បីកាត់បន្ថយយ៉ាងទូលំទូលាយនូវអត្រាមរណភាពនិងរបួសរបស់ប្រជាជនរស់នៅក្នុងតំបន់ ធ្វើឱ្យប្រជាជនក្នុងតំបន់និងសហគមន៍កាន់តែច្រើនអាចប្រើប្រាស់ដីសុវត្ថិភាពដែលបានបោសសម្អាតមីនរួច ជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅគ្មានមីននៅក្នុងប្រទេសនាឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖