ភ្នំពេញ ៖ រថយន្តក្រុងមួយគ្រឿងដែលគេទុកចោលរយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១២និង ៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចមុខរោងចក្រផលិតម៉ូតូកង់បីឥណ្ឌាមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីសន្តិសុខយាមនៅរោងចក្រកន្លែងកើតហេតុខាងលើបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះត្រូវបានម្ចាស់ យកមកទុកចោលនៅចំណុចកើតហេតុ រយៈពេលជិត២ឆ្នាំមកហើយដោយមិនដឹងថាម្ចាស់នៅទីណានោះទេ លុះដល់ម៉ោងកើតហេតុរូបគាត់ក៏បានឃើញអណ្ដាតភ្លើងឆេះចេញពីរថយន្ត រួចក៏បានចេញពីរោងចក្រមកមើលក៏ឃើញមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យមានគេលួចដុត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាងនាំគ្នាទាញទុយោទឹកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានហៅ រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ទើបបានរលត់ទៅវិញជាស្ថាពរ ។
ក្នុងករណីអគ្គិភ័យខាងលើនេះគឺមិនបណ្ដាលឱ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងស្រុង៕
IMG_5582 IMG_5583 IMG_5581 IMG_5580
ដោយ ៖ ភារ៉ា ដង្កោ