ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត យល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ

ចែករំលែក៖

សេចក្តីថ្លែងការណ៍រួមដែលចេញដោយគណៈប្រតិភូនៃប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សាគ្នាបានបញ្ជាក់ថា អុីរ៉ង់-អារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត បេសកកម្មការទូតឡើងវិញនៅក្នុងប្រទេសនីមួយៗក្នុងរយៈពេលពីរខែខាងមុខ។
ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អុីរ៉ង់បានដកស្រង់សេចក្តីថ្លែងការណ៍រួមដែលចេញដោយគណៈប្រតិភូនៃប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សានៅក្នុងប្រទេសចិនដែលបញ្ជាក់ថាអុីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតបានព្រមព្រៀងគ្នាក្នុងការបន្តទំនាក់ទំនងការទូត បើកស្ថានទូតឡើងវិញ នេះជារឿងមួយដ៏ល្អសម្រាប់ប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ីនេះ។ សេចក្តីថ្លែងការណ៍រួមក៏ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត (SPA) ផងដែរ។
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្អាក់បន្ទាប់ពីឧប្បត្តិហេតុនៃក្រុមបាតុករអុីរ៉ង់វាយប្រហារលើទីស្នាក់ការរបស់បេសកកម្មការទូតអារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសក្នុងឆ្នាំ ២០១៦ ទាក់ទងនឹងការប្រហារជីវិតរបស់ទីក្រុង Riyadh លើបព្វជិតមូស្លីមនិកាយស៊ីអ៊ីត Nimr al-Nimr ។
កាលពីដើមសប្តាហ៍នេះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អុីរ៉ង់ លោក Ali Shamkhani បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរក៏បានថ្លែងអំណរគុណដល់អុីរ៉ាក់ និងអូម៉ង់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសម្រុះសម្រួលការផ្សះផ្សារវាងទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ព្រមទាំងមន្ត្រី និងរដ្ឋាភិបាលចិនដែលបានរៀបចំ និងគាំទ្រការចរចាប្រកបដោយផ្លែផ្កាទាំងនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា រដ្ឋាភិបាលអាមេរិកបានទទួលព័ត៌មានអំពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងអុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយជួយបញ្ចប់ជម្លោះនៅ យេម៉ែន៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖