ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រី និងបុគ្គលិក ក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិក ក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវតាមពេលម៉ោងកំណត់ និងលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្តីម្នាក់ៗ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា “ត្រូវពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវតាមពេលម៉ោងកំណត់ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្តីម្នាក់ៗ ក្នុងការអនុវត្តតួនាទីភារកិច្ចដែលបានប្រគល់ជូន និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិដល់មន្រ្តីឱ្យបានត្រឹមត្រូវស្របតាមច្បាប់ គោលការណ៍ណែនាំ បែបបទ និងនីតិវិធីដែលបានកំណត់”។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានីភ្នំពេញ ថា ត្រូវធ្វើការវិភាគមុខងារ ដើម្បីកំណត់ចំនួនបុគ្គលិកនៅតាមអង្គភាពនីមួយៗចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌនានា ព្រមទាំងរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃមន្រ្តីរាជការ បុគ្គលិកដោយផ្អែកលើសមិទ្ធិកម្មគុណភាពការងារ និងលក្ខខណ្ឌការងាររបស់បុគ្គលិកនីមួយៗ៕

ដោយ ៖ សហការី


ចែករំលែក៖