សារព័ត៌មាន CNN បានផ្សាយថា នៅថ្ងៃទី ១១ខែមីនា សភាប្រជាជននៃប្រទេសចិនបានជ្រើសរើសលោក Li Qiang ជានាយករដ្ឋមន្ត្រីជំនួសតំណែង លោក Li Keqiang ។
នៅក្នុងតំណែងនេះ លោក Li Qiang គឺជាបុគ្គលដែលមានភារកិច្ចក្នុងការស្តារសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។
សភាចិន នៅថ្ងៃ១១ខែមីនានេះ បានប្រកាសទទួលស្គាល់ជាផ្លូវការលោក Li Qiang ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន បន្ទាប់ពីលោក ស៊ី ជិនពីង ជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។
លោក Li Qiang ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ជំនួសលោក Li Keqiang ដែលបានបញ្ចប់ការកាន់តំណែង ២អាណត្តិរបស់លោក។តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ និងជាតំណែងធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Li Qiang ត្រូវបានគណបក្សកុម្មុយនិស្ដ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីចិន នៅឯសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២។ លោក Li ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សដែលលោក ស៊ី ជិនពីង ទុកចិត្តជាទីបំផុត។
លោក Li Qiang ទទួលបានសំឡេងគាំទ្រស្ទើរតែទាំងអស់ពីប្រតិភូបក្សជាង ២,៩០០នាក់ នៅឯសមាជបក្ស មួយថៃ្ងក្រោយលោក ស៊ី ជិនពីង ត្រូវបាន តែងតាំងជាអគ្គលេខាធិការ និងប្រមុខយោធាចិនសម្រាប់អាណត្តិទី៣។
*តើលោក លី ជាំង ជានរណា?
លោក លី ជាំង (Li Qiang) មានអាយុ ៦៣ឆ្នាំ គឺជាអតីតលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ។ លោក លី កើតនៅក្នុងទីក្រុង វិនហ្សូ (Wenzhou) ខេត្តសេជាំង (Zhejiang)។ លោកធ្លាប់ធ្វើជាលេខារបស់លោក ស៊ី ជិនពីង រយៈពេល៣ឆ្នាំ ពោលគឺនៅពេលដែលលោក ស៊ី កាន់តំណែងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំខេត្ត Zhejiang ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧។ នៅឆ្នាំ២០០២ លោក លី ជាំង ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុង វិនហ្សូ នៅអាយុ៤៣ឆ្នាំ ដោយធ្វើឱ្យលោកក្លាយជា មន្ត្រីវ័យក្មេងជាងគេបំផុត ដែលបានកាន់តំណែងនេះ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ហើយពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោក លី បានកាន់តំណែងជាអភិបាលខេត្ត Zhejiang។
លោក លី ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ កាលពីឆ្នាំ២០១៧ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកត្រូវបានដំឡើងតំណែងជាសមាជិក ការិយាល័យនយោបាយដែលមានសមាជិក ២៥រូប៕
ដោយ៖ ធីរីណា(រូបថត ៖ CAO)