ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាបនិងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្រុកស្វាយទាបនិងស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង០៦និង០២នាទីព្រឹក ថ្ងៃទី១១ខែមីនាឆ្នាំ២០២៣ នៅចំណុចភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ព៌ណក្រហម ពាក់ស្លាកលេខស្វាយរៀង១R៤១៨០ អ្នកបើកបរឈ្មោះ អ៊ន សុខឡេង ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសំណង់ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយប្រើប្រាស់ល្បើនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ប្រឡាយទឹកស្លាប់នៅក្បែរម៉ូតូគួរឱ្យសង្វេគបំផុត។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីទី២បានកើតឡើងនៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤និង៤៥នាទី រសៀល លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅចំណុចភូមិគគីរ ឃុំគគីរ ស្រុករមាសហែក មានម៉ូតូមួយគ្រឿងម៉ាក HONDA  WAVE C១១០ ពណ៌ក្រហម ពាក់ស្លាកលេខវៀតណាម៧០P១-៤៨១៧បើកបរឈ្មោះ ស៊ឹម ធា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីទិសខាងកើតទៅលិច បើកមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១J០១៦៤បើកបរដោយ ឈ្មោះ ឯម សារ៉ាំ ភេទប្រុស អាយុ ៤៦ឆ្នាំ  មុខរបរ កសិករ រស់នៅភូមិ ព្រៃក្ដី ឃុំគគីរ ស្រុករមាសហែក  ខេត្តស្វាយរៀង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសធ្ងន់ទាំងពីរនាក់ ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើកំណត់ហេតុនិងអូសយកមក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖