ភ្នំពេញ ៖ ក្រុមហ៊ុនទឹកបរិសុទ្ធអរុណា បរិច្ចាគទឹកសុទ្ធចំនួន១ពាន់កេសនិងថវិកា៥០លានរៀល ខណៈសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែម៥០លានរៀលទៀត ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងជូនបុគ្គលិកពេទ្យ៤៥៨នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣នេះ មានពិធីប្រគល់-ទទួល ទឹកបរិសុទ្ធ អរុណា ចំនួន១ពាន់កេស និងថវិកាចំនួន១០០,០០០,០០០រៀល (មួយរយលានរៀល) ផ្ដល់ជូនមជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន។
ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អរុណាកូ CO.LTD អមដំណើរដោយលោកស្រី ហ៊ុន ម៉ាណា។
ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសគិតគូរពីសុខុមាលភាពរបស់ស្ត្រីជាមាតា និងទារកទាំងអស់។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលគាំពារមាតា និងទារក នៃមន្ទីរពេទ្យជប៉ុន ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលផ្តល់សេវាសុខាភិបាលនៅទីនេះ។ នាឱកាសនោះ បន្ថែមលើថវិការពីក្រុមហ៊ុនអរុណាចំនួន ៥០លានរៀល លោកស្រី ហ៊ុន ម៉ាណា ក៏បាននាំយកនូវថវិកាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមចំនួន៥០លានរៀលទៀត ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ជាមួយគ្នានោះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់ជូនដល់បុគ្គលិកពេទ្យចំនួន៤៥៨ នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។
លោកស្រី គឹម រតនា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការផ្តល់ជូននៅពេលនេះ បានសបញ្ជាក់អោយឃើញច្បាស់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសកម្មភាពគាំពារមាតា និងទារក ដែលបានរួមចំណែកការលំបាករបស់ប្រជាពលរដ្ឋ ពិសេសស្រ្តីដែលមកសំរាកព្យាបាល និងសំរាលបុត្រនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នេះ៕
ដោយ ៖ សហការី