ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលខេត្តព្រៃវែង នឹងអញ្ជើញប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងជាផ្លូវការ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រែវែងផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្លាប់បង្ហោះលើផេកផ្លូវការថា, ភារកិច្ចដែលមិនសាមញ្ញ ប៉ុន្តែជាឱកាសដែលមន្ត្រីជាច្រើនចង់សាកល្បង ។ មិនដឹងថាខ្ញុំអាចរែកពន់បានឬមិនបាន ប៉ុន្តែត្រូវតែប្រឹងជាការតបស្នងសងគុណថ្នាក់ដឹកនាំផ្តល់ទំនុកចិត្ត ។ សូមប្រជាជនខេត្តព្រៃវែងផ្តល់ឱកាសឱ្យខ្ញុំផង ។ ប្រឹង ស្មោះត្រង់ បញ្ញា ទទួលខុសត្រូវ 🙏 ៕
ដោយ ៖ សិលា