ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជិត ៣ពាន់លានរៀល ដល់ម្ចាស់ជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៧០៨,៦០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៉ី។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអស់លោកមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។

ជ័យលាភីជាម្ចាស់ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ មានចំនួន២៩នាក់ ព្រមទាំងគ្រូបង្វឹក និងគ្រូជំនួយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ តាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល,មេដាយប្រាក់ ១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១ គ្រឿង ទទួលបាន ១៦លានរៀល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអរគុណចំពោះលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់នាំមកនូវកិត្តិយសជូនជាតិមាតុភូមិនៃយើង។ លទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញវិស័យកីឡាជនពិការកម្ពុជាឱ្យបានស្មើមុខ ស្មើមាត់ ទាំងក្នុងតំបន់ និងអន្តរជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរ និងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី បើទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តី ប៉ុន្តែ កីឡាករ កីឡាការិនី នៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភីជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។ ជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាជនពិការនៅកម្ពុជាបាននឹងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។

នៅចំពោះមុខកីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសកីឡាជនពិការរួមជាមួយ

នឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូប នៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេសស័ក្តិសមនឹងពាក្យថា «កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ» «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព សន្តិភាពជាកូនសោរវឌ្ឍនភាពលើគ្រប់វិស័យ រួមទាំងការពារអាយុជីវិតរបស់យើង»៕

ដោយ៖ សូរិយា


ចែករំលែក៖