ខេត្តព្រៃវែង ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿន និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវតែការពារឲ្យបានដាច់ខាត និងជានិរន្តរ៍ចំពោះព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងត្រូវបន្តយកចិត្តទុកដាក់រាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតផងដែរ។
ការថ្លែងបែបនេះរបស់លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង កាលពីថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលធ្វើឲ្យខេត្តមានការរីកចម្រើន និងធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ លោកនាយឧត្តមសេនីយ៍ បានឯកភាពចំពោះការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលទើបប្រកាសចូលកាន់តំណែង។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានជម្រាបជូនអំពីស្ថានភាពទូទៅ នៃសភាពការណ៍ពិភពលោកដែលបានកើតមានឡើង និងកំពុងតែកើតមានឡើង ទាំងស្ថានភាពសន្ដិសុខ និងជំងឺកូវីដ១៩។ ចំណុចនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ពិសេសការគ្រប់គ្រងជំងឺកូវីដ១៩ ដែលផ្ដល់ឱកាសឲ្យកម្ពុជា បើកដំណើរការប្រទេសឡើងវិញមុនគេ ហើយធ្វើឲ្យពិភពលោកមានការទទួលស្គាល់។
លើសពីនេះ ភាពជោគជ័យការពារបាននូវព្រឹត្តិការណ៍ធំៗ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា រួមមាន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកម្ពុជារៀបចំដោយខ្លួនឯង, ការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលក្នុងកិច្ចប្រជុំនេះបណ្ដាមេដឹកនាំពិភពលោកបានមកប្រជុំដោយផ្ទាល់នៅកម្ពុជា ក្នុងនោះមានទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ធ្វើឲ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញ។
លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្ដទៀតថា មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ដែលត្រូវដំណើរការនៅក្នុងឆ្នាំ២០២៣នេះ ក្នុងនោះរួមមាន ការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលទីតាំងប្រកួតមាន៥រាជធានី-ខេត្ត, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ លោកនាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវថែរក្សា និងការពារនិរន្ដរ៍ ព្រះមហាក្សត្រ ហ្លូងម៉ែ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលយាង និងអញ្ជើញបំពេញការងារប្រចាំថ្ងៃ។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ទៀតថា អ្វីដែលកាន់តែសំខាន់ទៀតនោះ គឺទប់ស្កាត់ និងការពាររាល់ការប៉ុនប៉ងចង់បំផ្លាញកម្ពុជា ពីសំណាក់ក្រុមឧបបាយកលពួកអគតិជ្រុលនិយម ហើយយើងមិនត្រូវឲ្យអ្នកណាមកបំផ្លាញសន្ដិសុខភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនេះបានឡើយ ដូច្នេះកងកម្លាំងអនុវត្តច្បាប់ ត្រូវតែពង្រឹងសមត្ថភាពឲ្យខាងតែបាន។
លោកអគ្គស្នងការនគរបាលជាតិ បានបន្ដទៀតថា ត្រូវយកចិត្តទុកដាក់បម្រើសេវា និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ, ចរាចរណ៍, គ្រឿងញៀន ត្រូវតែកាត់បន្ថយកុំឲ្យកើតមានឡើង។ លើសពីនេះត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែក បញ្ហាគ្រឿងញៀន និងចរាចរណ៍ ត្រូវបន្ដជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខណៈកម្លាំងនគរបាលត្រូវរក្សាឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរពីរចំណុចដល់គណៈបញ្ជាការឯកភាពខេត្តព្រៃវែង ដូចជា៖
*ទី១៖ ប្រធានគណៈបញ្ជាការឯកភាពយកចិត្តទុកដាក់បន្ថែមទៀត បន្ដប្រជុំពង្រឹងគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យអំពីស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងកង្វល់របស់ប្រជាពលរដ្ឋ
*ទី២៖ ផ្ដោតសំខាន់អាទិភាពកិច្ចការគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព
ដោយឡែក សម្រាប់ស្នងការនគរបាលខេត្តព្រៃវែង ដែលទើបឡើងកាន់តំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ ពង្រឹងតួនាទីដឹកនាំ៖ ត្រូវទទួលខុសត្រូវលើការដឹកនាំបញ្ជា ដោយត្រូវប្រកាន់ខ្ជាប់នូវគំរូ វីរភាព ការដឹកនាំ ហើយត្រូវបណ្ដុះមនោសញ្ចាតនាជាមួយកងកម្លាំងថ្នាក់ក្រោម
*ទី២៖ ស្នងការត្រូវបំពេញតួនាទីជាសេនាធិការគ្រប់វិស័យជូនគណៈបញ្ជាការឯកភាពខេត្ត ដោយសហការជាមួយអាវុធហត្ថ និងប្រតិបត្តិការសឹងរងខេត្ត
*ទី៣៖ ពង្រឹងអធិការស្រុក ក្រុងឲ្យរឹងមាំ ដើម្បីជាបង្អែកឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាល សំដៅឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលជានគរបាលសហគមន៍
*ទី៤៖ ពង្រឹងគុណភាព សមត្ថភាពកងកម្លាំង តែមិនត្រូវភ្លេចគុណធម៌ វិន័យ ពាក្យសម្ដី។ ទី១៖ ពង្រឹងសមត្ថភាពមន្ដ្រី និងទី២៖ កម្លាំងសមត្ថកិច្ចដែលនៅតាមដងផ្លូវ នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ដោយត្រូវប្រើប្រាស់សម្ដី អាប្បកិរិយាឲ្យបានត្រឹមត្រូវ
*ទី៥៖ ពង្រឹងកត្ដាជោគជ័យ ពោលសាមគ្គីភាពថ្នាក់ដឹកនាំ សាមគ្គីភាពកងកម្លាំង សាមគ្គីភាពអង្គភាពមន្ទីរពាក់ព័ន្ធ ត្រូវលុបបំបាត់ជំងឺតួឯក ទើបទទួលបានជោគជ័យ
*ទី៦៖ ប្រគល់ភារកិច្ចជូនអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ដើម្បីដឹកនាំផ្ទាល់ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នកគាំពារ សំដៅពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តព្រៃវែងទាំងមូល។
ជាចុងបញ្ចប់ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានឧបត្ថម្ភនូវថវិកាជូន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៥លានរៀល, បញ្ជាការដ្ឋានកងអាវុធហត្ថខេត្ត ចំនួន៣លានរៀល, តំបន់ប្រតិបត្តិការសឹងរងខេត្ត ចំនួន៣លានរៀល និងនាយប៉ុស្ដិ៍នគរបាលម្នាក់ៗ ៥ម៉ឺនរៀល៕
ដោយ៖ស តារា