ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកងរាជអាវុធហត្ថ ព្រះសង្ឃនិងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីកងរាជអាវុធហត្ថ  ព្រះសង្ឃនិងមនុស្សប្រុសស្រី៣នាក់ទៀតបានរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្នុងក្រុងស្វាយរៀងនិងស្រុកចន្ទ្រាក្នុងថ្ងៃតែមួយ។

     យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ២២:០២ នាទីយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ០៦និងលេខ០៧ ស្ថិតក្នុងភូមិអកនាគ  សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយ  ពណ៌ ស ពាក់ស្លាកលេខ កណ្ដាល ៣A-២៨១៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BM-៥០៩០  បើកបរដោយឈ្មោះ ឆាយ សំភាស់ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ រស់នៅភូមិកំពង់ចក ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង មិនប្រកាន់ស្ដាំ ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តខូចខាតទាំងស្រុងផ្នែកខាងមុខ។

    ក្រោយមកអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដោយឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

    រីឯអ្នករងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តស្វាយរៀងហើយសមត្ថកិច្ចបានវាស់វែងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកដើម្បីចាត់ការបន្តតាមច្បាប់។

     ករណីទី២ បានកើតឡើងកាលពី វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ខែមីនាឆ្នាំ២០២៣ ស្ថិតនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា   មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៏ម C១២៥ ពណ៌ខ្មៅ  ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខស្វាយរៀង ១K-១៩០៤បើកបរដោយឈ្មោះ ទេព សារ៉ែន ភេទ ប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាដេវ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងនិងអ្នករួមដំណើរជាព្រះសង្ឃព្រះនាមឈ្មោះ ទេព យាន  ព្រះជន្ម៦វស្សាគង់នៅវត្តបារ៉ាយណ៍ហើយបានបត់ឆ្វេងមិនប្រយ័ត្នខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ឆ្នាំផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង ១O-១៨១៤បើកបរដោយឈ្មោះប៉ះ គង់ ភេទ ប្រុស អាយុ ៤០ឆ្នាំ  មុខរបរកសិករ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ខឹម ឃឿន មុខរបរ កសិករ អាយុ៤១ឆ្នាំ  រស់នៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្រ្ទា ជាន់ហ្វ្រ័ងមិនទាន់ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

    អ្នករងរបួសទាំងសងខាងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖