ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ អបអរសាទរជាថ្មីដល់អត្តពលិកប៉ារ៉ាហ្គេម ទាំងអស់ដែលបាននាំយកនូវកិត្យានុភាពជាតិទៅកាន់ឆាកអន្តរជាតិក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរជាថ្មីដល់អត្តពលិកប៉ារ៉ាហ្គេម ទាំងអស់ដែលបាននាំយកនូវកិត្យានុភាពជាតិទៅកាន់ឆាកអន្តរជាតិក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត។ នេះជាថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ 

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា, អំឡុងពេលដែលយើងទាំងអស់គ្នា នៅជាមួយគ្នាក្នុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំ និងក្រុមការងារបានកត់សម្គាល់លើស្មារតីនៃការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតីជាតិជាចម្បង។ ជាលទ្ធផល កម្ពុជាទទួលបានសមិទ្ធផលកាន់តែប្រសើរ ជាពិសេសលទ្ធផលដែលចេញពីស្មារតីនៃការរួមគ្នាជាក្រុម ស្មារតីនៃការគាំទ្រពីប្រជាជនកម្ពុជាពីចម្ងាយមិនថាលទ្ធផលយ៉ាងណាក៏ដោយ ហាក់បីដូចជាទាំងអស់គ្នាកំពុងប្រកួតជាមួយគ្នាដូច្នេះដែរ។   

លោកបន្តថា, ថ្ងៃនេះ យើងបានបង្ហាញកាន់តែច្បាស់បន្ថែមទៀតពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាមួយការប្រគល់ជូនរង្វាន់លើកទឹកចិត្តជាមួយកិត្តិយស និងក្តីមោទនៈជាទីបំផុត។ ទោះបីជាយ៉ាងនេះក្តី សូមបងប្អូនកីឡាករ កីឡាការិនីបន្តហ្វឹកហាត់ឲ្យបានច្រើនដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅកាន់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅផ្ទះកម្ពុជារបស់យើង ព្រោះមានប្រជាជនខ្មែរគ្រប់រូបកំពុងគាំទ្រ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តក្នុងចង្វាក់បេះដូងខ្មែរតែមួយ ៕

ដោយ ៖ សិលា


ចែករំលែក៖