ភ្នំពេញ៖ ឃ្លាំងផ្ទុកសាច់ជ្រូកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចយករថយន្តបង្ការពន្លត់អគ្គិភ័យជួយសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៤០ នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវបេតុងខាងក្រោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីខាងក្រោយដែលជាកន្លែងម៉ាស៊ីនត្រជាក់ រហូតបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈនោះប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើការនៅក្នុងឃ្លាំងព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្តែស្ថានការណ៍នៃការឆាបឆេះខ្លាំងទើបប្រជាពលរដ្ឋអន្តរាគមន៍លែងបាន ក៏បាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចផ្នែក បង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ ភ្លាមៗដើម្បីជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងរង្វង់នៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តមកដល់ទីតាំងកើតហេតុចំនួន ១២ គ្រឿង ហើយបានធ្វើការអន្តរាគមន៍រហូតអគ្គិភ័យរលត់ជាស្ថាពរ ។ ហើយមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ និងមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃឡើយ។
ចំពោះការខូចខាតក្នុងករណីអគ្គិភ័យខាងលើនេះ រងការខូចខាតម៉ាសុីន ក្លាសេសាច់ជ្រូកស្ទើរតែទាំងស្រុង នឹងសម្ភារៈមួយចំនួនទៀត៕
ដោយ ៖ រ៉ារ៉ា