ខេត្តស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនចំនួន ១៦ដុំ ទៅសាលាដំបូងខេត្តស្វាយរៀង ដេីម្បីចាត់ការតាមច្បាប់ ក្រោយសាកសួរបញ្ចប់នីតិវិធី។ ហេីយបច្ចុប្បន្នត្រូវបានចៅក្រមសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
បេីតាមការបញ្ជាក់ពីមន្ត្រីជំនាញខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀន (ម្សៅកេតាមីន) ចំនួន ១៦ដុំ សរុបទម្ងន់១៦,២៣៨ក្រាម គិតទាំងសំបកវេចខ្ចប់ (ដែលជនសង្ស័យដាក់ចូលក្នុងស្រោមសំបុត្រពណ៌ខៀវ និងដុំសំឡីពណ៌ស) យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ។
គួររម្លឹកផងដែរថា ជនសង្ស័យរួមជាមួយវត្ថុតាង ដែលបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលខេត្តបានដកហូតវត្ថុតាងរួមមាន៖ ក្រដាស់ពណ៌បៃតងចំនួនមួយថង់ខ្មៅ ,សំឡីមួយថង់ខ្មៅ,ដុំពណ៌សរចំនួន ៦ដុំម្សៅក្រាមពណ៌សរថ្លាចំនួន ០១កញ្ចប់ទូដែកចំនួន០១ និងវ៉ាលី០១ ,សាក់កាដូរចំនួន ០៣, ទូរសព្ទ័មួយគ្រឿង, លិខិតឆ្លងដែនលេខP00349295ចំនួនមួយក្បាលនិងអត្តសញ្ញាណបណ្ណ័ជនជាតិវៀតណាមលេខ096088019468ចំនួនមួយសន្លឹក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕
ដោយ៖សហការី