ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅនិងអន្តេវាសិកដ្ឋាន សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង ទី ២ ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ឋាន ស្ថិតនៅអគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោម អធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា សាកលវិទ្យាល័យទីតាំងទី២នេះ សាងសង់លើផ្ទៃដីទំហំ ១១,០០០ម៉ែត្រការ៉េ, មានចំណតធំទូលាយ, កម្ពស់ ៧ជាន់ ស្មើនឹង ១៤២បន្ទប់ និងមានសាលសន្និសីទ (Conference Hall), សាលមហោស្រព (Auditorium), សាលប្រជុំ, បន្ទប់សម្តែងការគួរសម (Courtesy Room), បណ្ណាល័យឌីជីថល, បន្ទប់ហ្វឹកហាត់ភាសា-កុំព្យូទ័រ, អាហារដ្ឋាន, ជណ្តើរយន្ត, បន្ទប់សិក្សាមានបំពាក់ LCD Projector, ម៉ាស៊ីនត្រជាក់ និងកាមេរ៉ាតាមដានការសិក្សានិងការបង្រៀន។ ចំពោះអន្តេវាសិកដ្ឋាន មានកម្ពស់ ៥ជាន់ ស្មើនឹង ៦៥បន្ទប់ មានអាហារដ្ឋាន កន្លែងរង់ចាំ និងបន្ទប់សម្រាប់និស្សិតពិភាក្សាជាក្រុម។ បន្ទប់នីមួយៗមានទំហំធំទូលាយ មានបន្ទប់ទឹក បន្ទប់ចំអិនអាហារ និងកន្លែងសិក្សា សម្រាប់និស្សិតស្នាក់នៅដោយតម្លៃសមរម្យ។

សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖ (១)-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូរទ័រ (Intensive courses: English & Computer), (២)-ថ្នាក់បរិញ្ញាបត្ររង (Associate Degrees), (៣)-ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degrees), (៤)-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degrees) និង (៥)-ថ្នាក់បណ្ឌិត (Doctoral Degrees) សិក្សាកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០%។ សាកលវិទ្យាល័យមាន ១២មហាវិទ្យាល័យ (៤២ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម,   ១១-ទំនាក់ទំនងអន្តរជាតិ និង ១២-អាកាសចរស៊ីវិល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលកំពុងលេចធ្លោ និងមានការទទួលស្គាល់ទាំងកម្រិតជាតិ-អន្តរជាតិ តាមរយៈពង្រឹងសេវាកម្មអប់រំជាបន្តបន្ទាប់ចាប់ ពី ថ្នាក់បរិញ្ញាបត្ររង ដល់ ថ្នាក់ បណ្ឌិត និង មាន ១២មហាវិទ្យាល័យ ៤២ជំនាញ ដ៏ពេញនិយម រួមជាមួយកម្មវិធីសិក្សា ធនធានសាស្រ្តាចារ្យ បុគ្គលិក ដែលមានសមត្ថភាព គុណភាព និងបទពិសោធន៍។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានចាត់ទុកអគារសិក្សាថ្មីនេះ ជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបំពេញបន្ថែមតាមតម្រូវការនៃការសិក្សា និងកំណើនសិស្ស-និស្សិត ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី័៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗនិស្សិតទាំងអស់របស់សាកលវិទ្យាល័យប៊ែលធីអន្តរជាតិក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាកលវិទ្យាល័យ ទីតាំងទី២ និងអន្តេវាសិកដ្ឋាននាពេលនេះ និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប៊ែលធីគ្រុប ជារួម ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងការបង្កើតឱកាសការងារ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិជាពិសេសគឺបានបង្កើត ប៊ែលធីអប់រំដែលជាដៃគូដ៏ល្អក្នុងការជំរុញវិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២ លើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងសាលាចំណេះទូទៅ និងឧត្តមសិក្សា។ ឯកឧត្តមបានបន្តមានប្រសាសន៍ទៅកាន់ប្អូនៗនិស្សិត ដែលចូលរួមពិធីសម្ពោធនាឱកាសនោះថា ប្អូនៗស្ថិតក្នុងសម័យកាលដែលមានការត្រួសត្រាយផ្លូវហើយ ជាពិសេសលើផ្លូវដែលពោរពេញដោយសុខសន្តិភាព បច្ចេកវិទ្យាជឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យអប់រំមានការរីកចម្រើន ដែលក្នុងនោះមានសាលារៀននៅគ្រប់ទិសទីក្នុងប្រទេស ដែលនេះជាភ័ព្វសំណាង និងជាឱកាសមាសរបស់ប្អូនៗក្នុងការចាប់យកការសិក្សារៀនសូត្រ ឈានឆ្ពោះទៅរកឱកាសការងារដ៏សម្បូរបែប ច្រើនជាងយុវជនជំនាន់មុន។

ជាទីបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់កិត្តិយសចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និងអញ្ជើញទស្សនាអគារសាកលវិទ្យាល័យ និងអន្តេវាសិកដ្ឋាន ផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖