ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖​ មន្ទីរពេទ្យកុមារជាតិ បានកាត់បន្ថយនូវអត្រាមរណភាពកុមារឱ្យធ្លាក់ចុះ រហូតដល់កម្ពុជា ទទួលពានរង្វាន់ពីអង្គការសុខភាពពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ​ បានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ប្រទេសកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពីអង្គការសុខភាពពិភពលោក (World Health Organization) លើការងារនេះថែមទៀត។​ នេះបេីយោង​តាម​ការបញ្ជាក់​ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបើក​សន្និបាតបូកសរុបការងារឆ្នាំ ២០២២ និង លើកទិសដៅឆ្នាំ២០២៣ ​របស់មន្ទីរពេទ្យកុមារជាតិ​។ 

នាឱកាសនោះ​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏សូមវាយតម្លៃខ្ពស់ចំពោះការជួយចូលរួមឧបត្ថម្ភ​ទាំងផ្នែក​ហិរញ្ញវត្ថុ និងបច្ចេកទេស ​ពីសំណាក់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល​ជាតិ-អន្តរជាតិ និងដៃគូក្នុងវិស័យឯកជន​ តាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន។

បន្ថែមពីនេះ​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ សូមលើកទឹកចិត្តជូនសមាជិក សមាជិកាអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ​ជាអនុសាសន៍ ជាមេរៀន ឬជា​បទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទ​ពិសោធន៍ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ​ និងការដឹកនាំ ​គ្រប់គ្រងមន្ទីរ ពេទ្យឲ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ជាមួយគ្នានេះ​ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ប នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងដែរថា ការថែទាំ និងព្យាបាល ឆ្នាំ២០២២ ​មន្ទីរពេទ្យទទួលបានចំនួនអតិថិជនកើនឡើង ​បើធៀបទៅនឹងឆ្នាំ២០២១ ជាក់ស្ដែង៖ ការពិនិត្យ និងពិគ្រោះជំងឺក្រៅមានការកើនឡើងរហូតដល់​ទៅ ៤៨% បើប្រៀបធៀប​ទៅឆ្នាំ២០២១ មាន ៨៥,៦៥២ករណី ​និងឆ្នាំ២០២២ មាន១៦៧,១៧៦ករណី។

ការទទួលអោយសម្រាកពេទ្យមានការកើនឡើងរហូតដល់ទៅ៤០%បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ មាន១៤,៦២៧ករណី ​និងឆ្នាំ២០២២ មាន២៤,៥៣៥ករណី។​ អត្រាប្រើប្រាស់គ្រែកើនដល់៣៣%។ សេវាវិទ្យុសាស្ត្រមានការកើនឡើងពី ២៧%លើសពីឆ្នាំ២០២១។ អេកូសាស្ត្រមានការកើនឡើងពី៣៨%លើសពីឆ្នាំ២០២១។ ស៊ីធីស្គែន មានការកើនឡើងពី ៣៨%លើសពីឆ្នាំ២០២១។

សូមជម្រាបថា​ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ​មន្ទីរពេទ្យកុមារជាតិបាននាំមកនូវការប្រែប្រួលថ្មីៗជាច្រើន ទាំង​លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ​ដូចជា៖ ការសាងសង់ ​និងជួសជុលបន្ថែមនូវអគារមន្ទីរពេទ្យ ការកសាងសមត្ថភាពមន្រ្តី ​និងបុគ្គលិករបស់មន្ទីរពេទ្យ​ឲ្យកាន់តែមានសមត្ថភាពខ្ពស់​ស្របទៅ​តាមបទដ្ឋាន វិទ្យាសាស្ត្រ និងស្តង់ដារជាតិ ដែលជាលទ្ធផលបានបង្ហាញច្បាស់នូវកំណើន​អត្រា​ប្រើប្រាស់​សេវាទូទៅរបស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ ​និងសេវាសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យ ​ថ្នាក់ជាតិពិតប្រាកដមួយ។

ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធផល​របស់មន្ទីរពេទ្យយើង​ពីមួយ​ថ្ងៃ ទៅមួយថ្ងៃ ពីមួយឆ្នាំ ទៅមួយឆ្នាំ មានការរីកចំរើនគួរអោយកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជា​នៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ ​និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹង​បណ្តា​ប្រទេស ជិតខាងរបស់យើង ដែលទាមទារឲ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែង​មួយជំហានបន្ថែមទៀត។

គួរបញ្ជាក់ថា​ មន្ទីរពេទ្យកុមារជាតិ ​ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាព ​សេវាសុខាភិបាល និង ការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹង ជំនាញ និងឥរិយាបទប្រកប​ដោយ​ក្រមសីលធម៌វិជ្ជាជីវៈ រហូតអាចក្លាយ ​ជាគ្រូបង្គោល ថ្នាក់ជាតិ ដែលអាចផ្តល់ការ​បង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យ ​គិលានុបដ្ឋាក ឆ្មប​ តាមបណ្តាខេត្តនានាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖