ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់ជិះម៉ូតូទាក់ខ្សែភ្លើងបណ្តាលឱ្យរបួសធ្ងន់ស្រាលផ្អើលដល់អ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ជិះម៉ូតូ តាមផ្លូវទាក់ខ្សែភ្លើងបណ្ដាលឱ្យដួលច្រងាប់ច្រងិលរងរបួសធ្ងន់និងស្រាល ផ្អើលដល់អ្នកភូមិទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបង្កោលភ្លើងP៧៥និងF២៦៦M ផ្លូវលំក្រាលក្រួសក្រហមស្ថិតនៅក្នុងភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។

    សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា មានករណីប្រជាពលរដ្ឋជិះម៉ូតូទាក់ខ្សែភ្លើងបណ្ដាលឱ្យរងរបួស ទី១.ឈ្មោះ ម៉ោក ឆុនខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរម៉ូតូ ម៉ាកហុងដា ស្គុពី ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១T៩៥៤៩ ក្នុងទិសដៅពីរកើតទៅលិចមកពីកម្មវិធីហូបការគេនៅភូមិជប់ និងអ្នករួមដំណើរឈ្មោះឌិន សូនាថ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប  ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង(ពាក់មួកសុវត្តិភាព) រងរបួសស្រាល ម៉ូតូខូចខាតបន្តិចបន្តួច។

   ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្គូពី ពណ៌ក្រហម(គ្មានស្លាកលេខ)ធ្វើដំណើរស្របគ្នាបើកបរដោយឈ្មោះនៅ ស៊ីផាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

    ប្រភពបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីពិសាអាហារក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិឃុំខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុក៏ទាក់នឹងខ្សែភ្លើងបណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿងតែម្តង។ភ្លាមៗសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍ និងនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។

    សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវលំពេលយប់ ដែលមានខ្សែភ្លើងធ្លាក់រាយប៉ាយតាមផ្លូវដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ហើយក៏មិនមែនអំពើដាក់ទាក់ខ្សែតាមផ្លូវនោះទ វាជាករណីធ្លាក់ខ្សែភ្លើងតាមផ្លូវតែប៉ុណ្ណោះ៕

ដោយ៖ សុថាន


ចែករំលែក៖