ខ្សែប្រយុទ្ធ Marcus Rashford បានក្លាយជាអ្នករកគ្រាប់បាល់ម្តងទៀតនៅពេលដែល Manchester United បានធ្វើដំណើរទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ជាមួយនឹងជ័យជម្នះលើក្រុម Real Betis ក្នុងជើងទី២កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ១ទល់០ សរុបទាំង២ជើង៥ទល់១។
បន្ទាប់ពីបញ្ចប់លទ្ធផល០ទល់០ក្នុងតង់ទី១ Rashford បានជួយឱ្យ Man Utd នាំមុខនៅនាទីទី៥៥ក្នុងតង់ទី២ ជាមួយនឹងការខិតខំប្រឹងប្រែងស៊ុតពីចម្ងាយយ៉ាងល្អ ផុតដៃអ្នកចាំទីក្រុម Betis ។
ក្រុមម្ចាស់ផ្ទះ Betis បានបង្កើតឱកាសជាច្រើនមុនពេល Man United បើកការស៊ុតបញ្ចូលទី ខណៈដែល Joaquin របស់ Betis បានឃើញការខិតខំប្រឹងប្រែងដំបូងរបស់គាត់ដោយបានស៊ុតទៅបុក បង្គោលទី។
ក្រុមរបស់លោក Erik ten Hag បានទទួលជ័យជម្នះក្នុងទីក្រុង Manchester កាលពីសប្តាហ៍មុន ហើយបានឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈ្នះទាំង២ជើង ៥-១។
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Rashford នៅតែបន្ត។ ចាប់តាំងពីបាល់ទាត់ក្លិបចាប់ផ្តើមឡើងវិញបន្ទាប់ពីការប្រកួត World Cup គាត់បានស៊ុតបញ្ចូលទី១៩គ្រាប់ក្នុងការបង្ហាញខ្លួន២៤ដង។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានស្ថិតក្នុងរដូវកាលដ៏ល្អរបស់គាត់នៅចំពោះការរកគ្រាប់បាល់ ហើយនៅតែជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Europa League ជាមួយនឹង៦គ្រាប់ពីការប្រកួតចំនួន៨។
គួរបញ្ជាក់ថា ក្រុម Man Utd បានឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃ Europa League ជាលើកទី៣ ក្នុងរយៈពេល៥រដូវកាល ខណៈដែលការចាប់ឆ្នោតសម្រាប់វគ្គ៨ចុងក្រោយធ្វើឡើងនៅរាត្រីថ្ងៃសុក្រនេះ។
ហើយក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រឈមមុខជាមួយក្រុម Fulham ក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គ១/៤ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)