ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួននិងបញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការ ក្រោយពីជិះម៉ូតូកាប់យុវជនម្នាក់ឱ្យរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានអនុវត្តតាមការណែនាំនិង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយាល័យនគរបាលកម្រិតស្រាលបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យសង្ស័យចំនួន០២នាក់ក្នុងចំណោមបក្សពួក០៦នាក់យកមកសួរនាំពាក់ព័ន្ធករណីជិះម៉ូតូយកកាំបិតដេញកាប់យុវជនម្នាក់នៅក្នុងក្រុងសិរីសោភ័ណ។

ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង២៣៖០០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

    លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣នេះថា កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣លោកបានទទួលបណ្តឹងឈ្មោះ អុន ម៉ានីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៦នាក់។

    ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាកគឺទី១-ឈ្មោះ វី សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ លី ដូច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ 

    ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២៣៖០០នាទី ឈ្មោះ អុន ម៉ានី និងឈ្មោះ នី វណ្ណថៃ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ជិះចេញពីបន្ទុប់ជួលនៅក្រោយបន្ទាយកងរាងអាវុធហត្តក្រុងសិរីសោភ័ណ នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទៅទិញបាយហូបនៅសួនមានជ័យ (វេទិកាខេត្ត) នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពេលដល់ចំណុចគ្លីនិកបាន សុខ ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន ០៦នាក់ ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ស ជិះគ្នា០២នាក់ ម៉ូតូ០២គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដោយ ០១គ្រឿងជិះគ្នា០២នាក់ អ្នកជិះក្រោយកាន់ដាវកែច្នៃពណ៌ស មានប្រវែងប្រហែលកន្លះម៉ែត្រ និង០១គ្រឿងទៀតជិះគ្នា០២នាក់ អ្នកជិះក្រោយកាន់កាំបិតប៉័ងតោ ហើយជិះដេញតាមម៉ូតូរបស់ឈ្មោះ នី វណ្ណថៃ និងឈ្មោះ អុន ម៉ានីត ហើយយកកាំបិតប៉័ងតោកាប់លើឈ្មោះ អុន ម៉ានីត ចំនួន០៣កាំបិតត្រូវដៃខាងឆ្វេង ពេលនោះឈ្មោះ អុន ម៉ានីត លោតចុះពីលើម៉ូតូរត់ តែត្រូវបានបក្ខពួកទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំបិត ចំណែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយធ្វើសកម្មភាពកាប់ហើយបក្ខពួកទាំង០៦នាក់ជិះម៉ូតូទៅបាត់ ។ ជនរងគ្រោះឈ្មោះ អុន ម៉ានីត មិនស្គាល់បក្ខពួកទាំង០៦នាក់ដែលធ្វើសកម្មភាពយកកាំបិតកាប់មកលើខ្លួនទេ ហើយក៏មិនដែលមានទំនាស់ជាមួយគ្នាដែរ ។

ពាក់ព័ន្ធករណីនេះ ជនរងគ្រោះ សំណូមពរសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមច្បាប់ និងទាមទារសំណងចំនួន ២.០០០ដុល្លារ(ពីរពាន់ដុល្លារ)។

    បច្ចុប្បន្នជនសង្ស័យ២នាក់ត្រូវបាននគរបាលសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖