ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​អាមេរិក​មានទំហំទឹកប្រាក់​ជាង ៨ ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ លោកសុខ សុភ័ក្ត្រ បាន​ឲ្យ​ដឹង​ថា កម្ពុជាបានទទួលអត្ថប្រយោជន៍ជា​ច្រើនពីការនាំ​ចេញក្នុងឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ វាយនភណ្ឌនិងស្បែកជើង។

លោករដ្ឋលេខាធិការ បញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជាបាន​នាំ​ចេញ​​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានប្រមាណ ៨.៩៦៩ លានដុល្លារអាមេរិក។ ដោយ​ឡែក​​ទីផ្សារសហភាពអឺរ៉ុបមានប្រមាណ ៤.០៤៥លានដុល្លារអាមេរិក និងទីផ្សារជប៉ុនមានប្រមាណ ១.១៧៣ ដុល្លារ​អាមេរិក។

លោក​រដ្ឋលេខាធិការអះអាង​ថា កម្ពុជា​បាន​អនុវត្ត​ស្តង់ដា​លក្ខខណ្ឌការងារ​​ ដោយ​គោរពទៅតាមច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អង្គការអន្តរជាតិខាងការងារ (ILO) និងច្បាប់ការងាររបស់កម្ពុជា។ អន្តរជាតិទទួលស្គាល់ថា ផលិតផល​នាំចេញពីកម្ពុជាបានផ្សារភ្ជាប់ជាមួយស្តង់ដារការងារល្អប្រសើរ។

លោក​សុខ សុខ សុភ័ក្ត្រ បាន​បញ្ជាក់ថា ការហាមឃាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ គឺ​ដើម្បី​​ជៀសវាង​ការ អនុវត្តខុសនាំឱ្យមានការផាកពិន័យ ជាប់ទោសទណ្ឌ និងបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​កម្ពុជា។ ចំពោះការករណីនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនពោលគឺមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ។

កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មាន​​រៀបចំ​សិក្ខា សាលាផ្សព្វផ្សាយអំពីបទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ។ ក្នុងសិក្ខាសាលាមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ រួមទាំងរោងចក្រ-សហគ្រាស ដែលជាសមាជិកនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា សរុបចំនួន ៨០នាក់។

ក្នុង​សិក្ខា​សាលា​មានការ​បង្ហាញ​ពី​ទិដ្ឋភាពច្បាប់ជាតិ និងច្បាប់អន្តរជាតិដូចជា៖

១-អនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច របស់អង្គការអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៦៩ រួចហើយ

២-កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មនិងពន្ធគយ ឆ្នាំ១៩៩៥ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ២០០៤

៣-ច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៧

៤-ប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំក្នុងពន្ធនាគារ ដើម្បីផលិតទំនិញនាំចេញ៕

ដោយ៖ សូរិយា


ចែករំលែក៖