សហព័ន្ធបាល់ទាត់ម៉ារ៉ុកបានប្រកាសថា ពួកគេបានចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងការដេញថ្លៃបីផ្លូវដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០។
រីឯអ៊ុយក្រែនដែលត្រូវរុស្ស៊ីឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានចូលរួមការដេញថ្លៃរបស់អេស្ប៉ាញ និងព័រទុយហ្គាល់ដំបូងក្នុងខែតុលា។
ការប្រជែងដេញថ្លៃនេះមិនច្បាស់ថានឹងមានអ្វីកើតឡើងចំពោះតួនាទីរបស់អ៊ុយក្រែនបន្ទាប់ពីការប្រកាសដោយម៉ារ៉ុកនៅឯសមាជ FIFA កាលពីថ្ងៃអង្គារកន្លងទៅ។ វាត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភដោយសារតែសង្គ្រាមដែលកំពុងបន្ត និងបញ្ហាអភិបាលកិច្ចនៅសមាគមបាល់ទាត់អ៊ុយក្រែន។
ម៉ារ៉ុកបានបង្កការភ្ញាក់ផ្អើលនៅ World Cup ឆ្នាំ២០២២ ខណៈដែលប្រទេសនេះបានក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេបានចាញ់បារាំងក្នុងវគ្គ៤ក្រុមចុងក្រោយមុននឹងត្រូវក្រូអាតយកឈ្នះក្នុងការប្រជែងក្នុងចំណាត់ថ្នាក់លេខ៣ប៉ុន្តែម៉ារ៉ុកបានចាញ់ក្រូអាតទទួលបានចំណាត់ថ្នាក់លេខ៤។
មហាក្សត្រ Mohammed VI របស់ប្រទេសម៉ារ៉ុកមានបន្ទូលនៅក្នុងលិខិតដែលអានដោយរដ្ឋមន្ត្រីកីឡារបស់ប្រទេសលោក Chakib Benmoussaថា “ខ្ញុំចង់ប្រកាសថា ព្រះរាជាណាចក្រម៉ារ៉ុកបានសម្រេចចិត្តរួមជាមួយនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ដើម្បីបង្ហាញការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០”។
ព្រះអង្គបន្តថា “នៅ Kigali ជាកន្លែងដែល FIFA កំពុងធ្វើសមាជលើកទី៧៣របស់ខ្លួន។ ការដេញថ្លៃរួមគ្នានេះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់នឹងនាំមកនូវទ្វីបអាហ្រ្វិក និងអឺរ៉ុប ភាគខាងជើង និងខាងត្បូងមេឌីទែរ៉ាណេ និងពិភពអាហ្វ្រិក អារ៉ាប់ និងអឺរ៉ុប-មេឌីទែរ៉ាណេ។វាក៏នឹងនាំមកនូវអ្វីដែលល្អបំផុតនៅក្នុងយើងទាំងអស់គ្នាផងដែរ ជាការរួមផ្សំនៃទេពកោសល្យ ភាពច្នៃប្រឌិត បទពិសោធន៍ និងមធ្យោបាយ”។
ម៉ារ៉ុកបានខកខានការប្រជែងនៅអាហ្វ្រិកខាងត្បូង ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ២០១០។ ចំណែកអាហ្សង់ទីន , ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ក៏បានដាក់សំណើរួមគ្នាដើម្បីធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)