ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងស្រីអាស៊ីដំបូងគេ​ដែលឈ្នះពានអូស្ការ​ បានបង្កើតជាប្រវត្តិសាស្ត្រថ្មី

ចែករំលែក៖

អន្តរជាតិ៖ តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែក​តួឯក​ស្រី​ល្អ​បំផុត នៅឆ្នាំ២០២៣នាពេលថ្មីៗនេះ​ តាមរយៈការសម្តែងជាតួឯកក្នុងរឿង  Everything Everywhere All at Once។

តារាសម្ដែង​​ភាពយន្ត មីឆែល យូ (Michelle Yeoh) វ័យ៦០ឆ្នាំ មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ាឡេស៊ី កើតនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦២ នៅទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី។ អ្នកស្រី​ មីឆែល យូ ត្រូវ​បានគេស្គាល់ជាតារាភាពយន្តស្រីដ៏អស្ចារ្យបំផុតម្នាក់ ជាពិសេសតាមរយៈការសម្តែងបែបសកម្មភាពគ្រោះថ្នាក់ និងក្បាច់គុនយ៉ាងប្រសព្វ។

សូមជម្រាបជូនថា​ ប្រវត្តិ​របស់អ្នកស្រី មីឆែល យូ នៅឆ្នាំ១៩៨៤ បានបង្ហាញខ្លួនជាតារាសម្តែងបែបក្បាច់គុន ក្នុងវិស័យភាពយន្តហុងកុងដែលរឿងនោះមានចំណងជើង The Owl vs. Bumbo និង ទោះបីជាតួរង អ្នកស្រីត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពបង្ហាញក្បាច់គុនរបស់ខ្លួន។ ក្នុងឆ្នាំ១៩៨៥ អ្នកស្រីបានសម្តែងក្នុងខ្សែភាពយន្តក្បាច់គុន  Yes, Madam! ដែលនិយាយអំពីប៉ូលីសស្រីពីរនាក់ ដោយពេលនោះអ្នកស្រីសម្តែងជាតួឯក។ នៅឆ្នាំ ១៩៨៨ អ្នកស្រីបានរៀបការជាមួយផលិតករភាពយន្ត លោក Dickson Poon ហើយបានចូលនិវត្តន៍។ ពេលនោះ អ្នកស្រី Yeoh នៅអាយុ២៨ឆ្នាំ សង្ឃឹមថានឹងបង្កើតគ្រួសារក៏ដោយ ប៉ុន្តែអ្នកស្រីមិនអាចមានកូនបានដែរ បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​លែង​លះ​គ្នា​ក្នុង​ឆ្នាំ ១៩៩២ អ្នកស្រីក៏បាន​ចាប់​អាជីព​សម្តែង​ឡើង​វិញ។

អ្នកស្រី មីឆែល យូ ក្នុងឆ្នាំ១៩៩២​ បានសម្តែងជាមួយ jackie chan ក្នុងរឿង Police Story 3: Supercop និងបង្ហាញខ្លួនជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកស្រីជាតារាឈានមុខគេនៅហុងកុង។ ទោះបីជាយ៉ាងណា អ្នកស្រី​ មីឆែល យូ Yeoh បានរងរបួសធ្ងន់ធ្ងរជាច្រើនក្នុងអំឡុងពេលអាជីពរបស់នាង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលថតរឿង The Stunt Woman ក្នុងឆ្នាំ១៩៩៥ នាងសម្តែងខុសបច្ចេកទេសរបួសស្ទើរតែបាក់ខ្នង។ ពេលកំពុងសម្រាកព្យាបាល នាងបានពិចារណាចូលនិវត្តន៍ម្តងទៀត ប៉ុន្តែការសន្ទនាដែលនាងមានជាមួយអ្នកដឹកនាំរឿងជនជាតិអាមេរិក Quentin Tarantino ដែលជាអ្នកគាំទ្របានលើកទឹកចិត្តនាងឱ្យបន្តការសម្ដែង។

ដោយឡែក​អ្នកស្រី មីឆែល យូ ក្នុងឆ្នាំ១៩៩៧ កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តហូលីវូដ Tomorrow Never Dies ដែលជាខ្សែភាពយន្ត James Bond ដែលនាងដើរតួជាភ្នាក់ងារចិន។ នាងទទួលបានភាពល្បីល្បាញជាសកលជាមួយនឹងរឿង Crouching Tiger និង Hidden Dragon។

មហាជនកាន់តែស្គាល់រូបអ្នកស្រីក្នុងឆ្នាំ២០០៨ យូ បានបង្ហាញខ្លួននៅក្នុងរឿង The Mummy: Tomb of the Dragon Emperor  និងជាពិសេសនៅក្នុងរឿង The Lady ឆ្នាំ២០១១ ដែលជារឿងនិយាយពីជីវប្រវត្តិអំពីលោកស្រី Aung San Suu Kyi ដែលជាសកម្មជនតស៊ូដែលការខិតខំប្រឹងប្រែងដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកប្រទេសភូមា បានធ្វើឱ្យលោកស្រី Aung San Suu Kyi ទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ ។ នៅឆ្នាំបន្ទាប់អ្នកស្រី យូ បានបង្ហាញខ្លួននៅក្នុងរឿងរបស់ Marvel គឺ Guardians of the Galaxy និងភាពយន្ត Crazy Rich Asians ដែលជារឿងមនោសញ្ចេតនាផ្អែកលើប្រលោមលោកដែលលក់ដាច់បំផុតរបស់ Kevin Kwan។

គួរបញ្ជាក់ថា​ អ្នកស្រី យូ សម្រាប់ជីវិតឯកជនបានស្រឡាញ់គ្នាជាមួយនឹងលោក ជីន ថូត (Jean Todt) ដែលជាអតីត​ប្រ​ធាន​ក្រុម​ប្រ​​ណាំង Ferrari ជនជាតិបារាំង នៅឆ្នាំ២០០៤ អ្នកទាំង២បានភ្ជាប់ពាក្យនៅឆ្នាំ២០០៦ មកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានតម្រុយនឹងរៀបការនៅឡើយ។ គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសម្បត្តិសុទ្ធរបស់ អ្នកស្រី​ មីឆែល យូ គឺមានរហូតដល់ទៅ ៤០លានដុល្លារ៕

ដោយ​៖សហការី​


ចែករំលែក៖