ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។ សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ដែលជាមង្គលនិងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា៕
ដោយ ៖ សហការី