ព័ត៌មានទាន់ហេតុការណ៍៖

Update ៖​ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ 

ជាកិច្ចចាប់ផ្ដើមថ្លែងនូវសុន្ទកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។

សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍កន្លងមក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរមួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។សម្តេចតេជោបន្តថា កម្ពុជាកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។ ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកលប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។សម្តេចតេជោក៏បានអំពាវនាវផងដែរទៅដល់វិស័យឯកជននានា សូមចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពកិច្ចការពារវប្បធម៌។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ៕

ដោយ​៖ស​ តារា​


ចែករំលែក៖