ខេត្តកណ្ដាល៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា មានជនខិលខូចមួយចំនួន បានប្រេីល្បិចបោកប្រាស់រូបភាពផ្សេងៗ មានដូចជា៖ ទូរស័ព្ទប្រាប់សាច់ញាតិបងប្អូនថា កូន ក្មួយ ឬក៏ក្រុមគ្រួសារមានគ្រោះថ្នាក់បណ្ដាលឱ្យរងរបួស ដេីម្បីឱ្យជនរងគ្រោះផ្ញេីប្រាក់តាមភ្នាក់ងារវេលុយវីង ប៉ុន្តែអ្វីៗទាំងអស់នោះ គឺជាការចាញ់បោកជនខិលខូចទាំងនោះ។ ដូច្នេះនេះជាសារផ្ញើជូនបងប្អូនសូមមេត្តាប្រុងប្រយ័ត្នចំពោះករណីទាំងអស់នេះ។
ជាក់ស្ដែងកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោក(តាមវីង) កាលពីវេលាម៉ោង ១០ និង១១នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ចំណុចមុខផ្ទះវីង ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នូល បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យឈ្មោះ ធឿង សុផល ភេទប្រុស អាយុ៣៣ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនរងគ្រោះឈ្មោះ អូម ម៉ារុី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦Eo ផ្លូវ៥៣ ភូមិថ្មី សង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រីឯសម្ភារបាត់បង់រួមមាន៖ ប្រាក់ ៨.០០០ ដុល្លាអាមេរិក ដកហូតបានពីជនសង្ស័យវិញ ៦.៣០០ ដុល្លារអាមេរិក(ប្រគល់ជូនជនរងគ្រោះវិញ)។
ដោយឡែកវត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០១ គ្រឿងម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1W 0125- ប្រាក់ដុល្លារចំនួន៦៣០០$ -ទូរសព្ទ័ដៃចំនួន ០២ គ្រឿង សុីមទូរស័ព្ទមួយចំនួន និងសម្ភារៈផ្សេងទៀតមួយចំនួន។ -វិក័យប័ត្រដកប្រាក់ និងដាក់ប្រាក់ ចំនួន ០៨សន្លឹក ។
យោងតាមដំណើររឿងហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានប្រើលេខទូរស័ព្ទលេខ០៨៥ ២៩៤ ៦២៨.០៨៥ ៤៦១ ៩៥៥.០៨៥ ៣២៤ ៦១៩ តេ ទៅលេខ ជនរងគ្រោះលេខ ០១២ ២៩៦ ៩៧១(កំពុងលក់ដូរនៅផ្សារ លក់ដូរ) ដោយដើរតួរធ្វើជាចៅជនរងគ្រោះ រួចប្រាប់ម៉ាក់យាយថា ខ្ញុំនិងម្តាយ បានបើកឡានបុកគេស្លាប់ ឥឡូវត្រូវប៉ូលីសចាប់ខ្លួនវាយខ្នោះហើយ សុំយាយជួយវេលុយជួយចៅផង ។ ជនរងគ្រោះមានការភ័យខ្លាចបារម្ភពីចៅក៏វេប្រាក់ឱ្យ ១.០០០ដុល្លារ ជនសង្ស័យថាគេទារបន្ថែមរហូត ក៏វេ ២.០០០ ដុល្លារ ថាអោយប៉ូលីស ក៏ទារថែម ៣០០០ ដុល្លារ ទៀតថាយកជួយសព រួចក៏បន្តទារបន្ថែម ១០០០ដុល្លារ ១០០០ដុល្លារ ពីរដងថាយកជួសជុលរថយន្ត។
ជនរងគ្រោះបានវេរប្រាក់ឱ្យគ្រប់ចំនួន ៨០០០ដុល្លារ ក្នុងពេល១ថ្ងៃ លុះល្ងាចឡើងជនរងគ្រោះបានត្រឡប់មកពីផ្សារវិញទៅផ្ទះ បានឃើញកូននិងចៅក៏សួរនាំរឿងហេតុ ប៉ុន្តែកូននិងចៅបានប្រាប់ថាពួកខ្លួនមិនបានចេញពីផ្ទះ និងជួបគ្រោះថ្នាក់អ្វីឡើយ ក៏ដឹងថាខ្លួនបានចាញ់បោកជនឆបោក និងបានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីបានទទួលបណ្តឹងរួច លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ អ.ហ ខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងមុឺងមាត់ ឱ្យកម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងខេត្ត ចុះស្រាវជ្រាវនិងបង្ក្រាប ទើបកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ដែលជាមុខសញ្ញាឆបោកប្រាក់តាមទូរស័ព្ទ (ទៅដកប្រាក់នៅវីង) ។
សូមជម្រាបថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆបោកប្រាស់ប្រាក់ពីជនរងគ្រោះចំនួន៨.០០០ដុល្លារពិតប្រាកដមែន ដោយសារខ្លួនចាញ់ល្បែងអស់ពីខ្លួន (ឆែកឆេររកប្រាក់ឃើញពីជនសង្ស័យចំនួន៦.៣០០ដុល្លារ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំមកសាកសួរនៅមូលដ្ឋានស្រុកអង្គស្នួល ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស្អាង ជ័យ