ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង ចាត់ទុកថា សហគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia ចុះផ្សាយ ព័ត៌មានមិនពិត ករណីថាមាន មនុស្សស្លាប់ អំឡុងពេលតវ៉ាដីធ្លី

ចែករំលែក៖

ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង  បដិសេធចំពោះការចុះផ្សាយ ព័ត៌មានមិនពិតរបស់គេហទំព័រហ្វេសប៊ុកគណនីឈ្មោះ សហគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia ករណីថាមាន មនុស្សស្លាប់ អំឡុងពេលតវ៉ាដីធ្លី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថាៈ គេហទំព័រហ្វេសប៊ុកមាន គណនីឈ្មោះ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia បានចុះផ្សាយព័ត៌មានដោយដាក់ ចំណងជើងថា “ពលរដ្ឋរងគ្រោះដីធ្លី៤នាក់បានសន្លប់ ក្នុងនោះម្នាក់បានស្លាប់…!» និងបានបញ្ជាក់ថា ពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត គឺបណ្ដាលមកពី រដ្ឋបាលខេត្តកោះកុងមិនយកចិត្តទុកដាក់ ពន្យាពេលក្នុងការ អនុញ្ញាតឱ្យតំណាងពលរដ្ឋចូលជួបចរចា ដោយទុកឱ្យពលរដ្ឋដែលចូលរួមតវ៉ាទាំងអស់ឈរក្រោមកម្ដៅថ្ងៃដ៏ខ្លាំង អស់រយៈពេលជាងប្រាំបួនម៉ោង។

ការចុះផ្សាយព័ត៌មានរបស់គេហទំព័រ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia គឺ ជាការចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ខ្វះវិជ្ជាជីវះ ខ្វះក្រមសីលធម៌ មានចេតនាបង្កចលាចល មានចេតនាញុះញង់បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសាធារណជនជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន ៣ក្រុម រួមមានប្រជាពលរដ្ឋក្រុម ៨៤៣គ្រួសារ ក្រុម ១២៩គ្រួសារ និងក្រុម ៨០គ្រួសារ បានមកប្រមូលផ្តុំគ្នានៅបរិវេណមុខសាលាខេត្តកោះកុង ដើម្បីស្នើសុំរដ្ឋបាលខេត្តកោះកុងជួយអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី ដោយពួកគាត់បានស្រែកតាមឧគ្លេសនសព្ទ គឺស្នើសុំជួបជាមួយ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងលោក សុខ សុទ្ធី អភិបាលរងខេត្ត។ ប៉ុន្តែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ អភិបាលខេត្ត មានភារកិច្ចត្រូវបំពេញបេសកកម្មនៅរាជធានីភ្នំពេញ និងលោក សុខ សុទ្ធី អភិបាលរងខេត្ត ត្រូវ បានរដ្ឋបាលខេត្តចាត់តាំងឱ្យអមដំណើឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះបំពេញបេសកកម្មនៅស្រុក ស្រែអំបិល។ រហូតដល់ម៉ោងជាង ៤រសៀល ទើបតំណាងប្រជាពលរដ្ឋយល់ព្រមចូលរួមប្រជុំជាមួយរដ្ឋបាលខេត្ត ដែលដឹកនាំដោយលោកនាយករដ្ឋបាលសាលាខេត្ត។

រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន Koh Kong Plantation Co.,LTD និងក្រុមហ៊ុន Koh Kong Sugar Industry Co.,LTD ត្រូវបានក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ និងអាជ្ញាធរមូលដ្ឋាន បានដោះស្រាយបញ្ចប់ជាស្ថាពរតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយ ក្រសួង និងរដ្ឋបាលខេត្តក៏បានចេញលិខិតឆ្លើយតបទៅប្រជាពលរដ្ឋក្រុម ៨៤៣គ្រួសារ និងក្រុម ១២៩គ្រួសារ ជាច្រើនលើកច្រើនសារផងដែរ ថាករណីនេះ មិនទទួលដោះស្រាយទៀតទេ ព្រោះបានដោះស្រាយបញ្ចប់រួចហើយនិងក្នុងករណីប្រជាពលរដ្ឋគ្មានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច ប៉ុន្តែក្រុមប្រជាពលរដ្ឋ នៅតែបន្តទាមទារឱ្យដោះស្រាយបញ្ហាដីធ្លីនេះដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនគោរពតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឡើយ។

ចំពោះការស្លាប់បាត់បងជីវិតរបស់ប្រជាពលរដ្ឋឈ្មោះ បូក ធិ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិ កណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង (ដែលគេហទំព័រ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia ចុះផ្សាយថា ឈ្មោះ អូក ឆេក អាយុ៥០ឆ្នាំ) គាត់មិនមែនជាអ្នកមកចូលរួមតវ៉ាដីធ្លីទេ ហើយក៏មិនមែនស្លាប់ដោយសារការឈរហាលថ្ងៃដូចការចុះផ្សាយរបស់គេហទំព័រ សមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជា CCFC Cambodia ដែរ។ តាមការបញ្ជាក់ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថា៖ អ្នក ជំងឺត្រូវបានបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង៤០នាទីទៀបភ្លឺ តាមរយៈឡានពេទ្យរបស់មណ្ឌលសុខភាពត្រពាំងរូង និងតាមរយៈការធ្វើ រោគវិនិច្ឆ័យឃើញថា អ្នកជំងឺ មានជំងឺរ៉ាំរៃប្រចាំកាយ (លើសឈាម តែមិនបានលេបថ្នាំទៀងទាត់ និងជក់បារី ពិសារស្រា ហើយពេលបញ្ជូនមកដល់មន្ទីរពេទ្យ អ្នកជំងឺបានសន្លប់បាត់បង់ស្មារតីដោយសារគ្រោះថ្នាក់ដាច់ សរសៃឈាមខួរក្បាល។ អ្នកជំងឺបានស្លាប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង ៣០នាទីព្រឹក ដោយមូលហេតុ គ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល (Stroke)។

រដ្ឋបាលខេត្តកោះកុង ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលគេហទំព័រសមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជា CCFC Cambodia បានចុះផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ និងខុសពីការពិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត និងជាការចុះផ្សាយព័ត៌មាន ដោយគ្មានក្រមសីលធម៌ មិនគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន មានចេតនាញុះញង់បង្កចលាចល បង្កអសន្តិសុខ សង្គមបែបនេះ។

រដ្ឋបាលខេត្តកោះកុង សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានរបស់គេហទំព័រ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia នេះ និងសូមគេហទំព័រ សមាគមសម្ព័ន្ធសហគមន៍ កសិករកម្ពុជា CCFC Cambodia ធ្វើការសុំអភ័យទោសមករដ្ឋបាលខេត្ត និងសាធារណជន ព្រមទាំងកែតម្រូវ ព័ត៌មានរបស់ខ្លួនឱ្យបានត្រឹមត្រូវ យ៉ាងយូរត្រឹមរយៈពេល ៧២ម៉ោង គិតចាប់ពីពេលចេញផ្សាយសេចក្តីប្រកាស ព័ត៌មាននេះ។ ប្រសិនបើគេហទំព័រ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia មិនធ្វើការសុំ អភ័យទោស និងកែតម្រូវព័ត៌មានរបស់ខ្លួនទេ រដ្ឋបាលខេត្តនឹងដាក់បណ្តឹងតាមនីតិវិធីច្បាប់ទៅតុលាការ ដោយ ប្តឹងពីបទបរិហារកេរ្តិ៍ និងបទញុះញង់បង្កចលាចល បង្កអសន្តិសុខសង្គម។

អាស្រ័យហេតុនេះ សូមសាធារណជន និង សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖