ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីប៉ូឡូញដល់ស្លូវ៉ាគី ប្រកាសថានឹងបញ្ជូន MiG-29 ចំនួន១៣ គ្រឿងទៅកាន់អ៊ុយក្រែន

ចែករំលែក៖

បន្ទាប់ពីប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏បានប្រកាសថា ខ្លួននឹងបញ្ជូន MiG-29 ចំនួន 13 គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីធានាថាអ៊ុយក្រែន “អាចការពារខ្លួន” និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។
នៅទី១៧ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសខាងលើ ស្លូវ៉ាគីបានក្លាយជាសមាជិកទីពីរនៃអង្គការមហាសមុទ្រខាងជើង (NATO) ដែលប្តេជ្ញាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន បន្ទាប់ពីប៉ូឡូញ។
នៅពេលនេះរុស្ស៊ីបាននិយាយនៅទី១៧ខែមីនាថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ និងស្លូវ៉ាគីបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់ទីក្រុងកៀវ។
ប្រទេសណាតូបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុន ខណៈដែលទីក្រុងកៀវបានទាមទារអាវុធមិនចេះចប់ពីប្រទេសទាំងនោះ ដែលខ្លួននិយាយថា វាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
ទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថា បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះដោយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយពីមុនបានព្រមានថា អាវុធរបស់អង្គការណាតូគឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរបស់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ឧបករណ៍ទាំងអស់នេះនឹងត្រូវបំផ្លាញ»។ លោកបានបន្តថា «វាហាក់ដូចជាប្រទេសទាំងអស់នេះបានបោះចោលឧបករណ៍ចាស់ដែលមិនចាំបាច់នៅប្រទេសអ៊ុយក្រែន»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Shutterstock


ចែករំលែក៖