ព័ត៌មានទាន់ហេតុការណ៍៖

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជាក់ករណីមេធាវី អាង ឧត្តម និងមេធាវី ម៉េង សុភារី ដែលចង់ចូលជួបលោក កឹម សុខា

ចែករំលែក៖

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា, កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលលិខិតជូនដំណឹងរបស់លោកមេធាវី អាង ឧត្តម និងលោកស្រីមេធាវី ម៉េង សុភារី ពាក់ព័ន្ធ នឹងការហាមឃាត់មិនឱ្យចូលជួបលោក កឹម សុខា និងណែនាំឱ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញជាមុនសិន។ បន្ទាប់ពីបានទទួលការជូនដំណឹងនេះ គណៈមេធាវី បានបន្តតាមដានការអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងសិទ្ធិរបស់មេធាវី ហើយសង្កេតឃើញថា មានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីសេចក្ដីថ្លែងការណ៍របស់លោកមេធាវី អាង ឧត្តម និងលោកស្រីមេធាវី ម៉េង សុភារី ជាបន្តបន្ទាប់ ហើយអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញក៏បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឆ្លើយតប និងបកស្រាយជូនសាធារណជនផងដែរ។

ករណីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សុំបញ្ជាក់ថា៖ ១-ក្នុងករណីលោក កឹម សុខា ត្រូវការពឹងពាក់មេធាវី ត្រូវអនុវត្តតាមខ្លឹមសារនៃ សាលក្រមព្រហ្មទណ្ឌលេខ១៨២“ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានី ភ្នំពេញ ដោយលោក កឹម សុខា ត្រូវដាក់ពាក្យស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីសុំជួបពឹងពាក់មេធាវីនិងពិគ្រោះយោបល់អំពីនីតិវិធីបន្តដែលត្រូវធ្វើក្នុងសំណុំរឿង របស់ខ្លួន។

២-តាមខ្លឹមសារនៃមាត្រា៣៤ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។មេធាវីគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា។” និងតាមខ្លឹមសារនៃមាត្រា៣៧ កថាខណ្ឌទី៣ នៃ ក្រមសីលធម៌មេធាវី ។មេធាវីត្រូវគោរពតាមវិធាននីតិវិធីនិងបទបញ្ហារបស់តុលាការ។” ហេតុដូច្នេះ ក្នុងករណីដែលមេធាវីទាំងពីររូបត្រូវពឹងពាក់ដោយលោក កឹម សុខា មេធាវីទាំងពីររូបក៏ត្រូវអនុវត្ត តាមខ្លឹមសារនៃសាលក្រមព្រហ្មទណ្ឌលេខ១៨២“ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលា ដំបូងរាជធានីភ្នំពេញផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖