សញ្ញានៃសង្គ្រាមលោកលើកទីបី បានកើតឡើងហើយពេលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក ពូទីន។ បើលោកពូទីនត្រូវបានចាប់ខ្លួននោះសង្គ្រាមបរមាណូនឹងកើតឡើង មនុស្សជាតិរាប់ពាន់លាននាក់នឹងរងផលប៉ះពាល់។
នៅពេលនេះប្រធានាធិបតីអាមេរិក លោកបៃឌិន ក៏បានលើកឡើងពីការសម្រេចរបស់តុលាការ ICC ផងដែរ ។ លោកបៃឌិន បញ្ជាក់ថា លោកមិនទទួលស្គាល់ការសម្រេចរបស់តុលាការ ICC ប្រឆាំងប្រធានាធិបតីរុស្ស៊ីទេ ប៉ុន្តែលោកថា លោកពូ ទីនបានបំពានបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា បានផ្សាយថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីំមៀរ ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។
វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ។ រុស្ស៉ីមិនមែនជាភាគីនៅក្នុងតុលាការ ICC នោះឡើយ ហេតុដូច្នេះវាពុំច្បាស់នោះទេថា តើលោកប្រធានាធិបតីរុស្ស៉ី នឹងមានថ្ងៃត្រូវគេធ្វើបត្យាប័នដែរឬអត់ ឬមួយក៏ការធ្វើបត្យាប័នអាចប្រព្រឹត្តទៅដោយរបៀបណានោះ។
យោងតាមតុលាការ ICC ដីកាចាប់ខ្លួនលោក ពូទីន ខាងលើ គឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាមពាក់ព័ន្ធនឹងការចាប់បញ្ជូនកុមារដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រាទៅកាន់ប្រទេស រុស្ស៉ី គិតចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើម។ ប្រធានតុលាការអន្តរជាតិមួយនេះ បានបន្ថែមថា ការអនុវត្តដីកាចាប់ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។
ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ អំឡុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
បើតាមការអះអាងរបស់ទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ត្រូវបានចាប់បញ្ចូនទៅរុស្ស៉ី គិតចាប់តាំងសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា
រូបថត៖ AP
រូបថត៖ SPUTNIK