ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “eCancer Choosing Wisely Cambodia” “យើងនិយាយពីការការពារ និងព្យាបាលជំងឺមហារីកនៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក  ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “eCancer Choosing Wisely Cambodia” “យើងនិយាយពីការការពារ និងព្យាបាលជំងឺមហារីកនៅកម្ពុជា” សហការរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត និង  eCancer ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

សិក្ខាសាលានេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត Mary Guevara, Global Educational Events Manager

Dr Thet Ko Aung, Senior Manager, Technical Cooperation-City Cancer Challenge (C/Can) ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនដែលជាអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូប។ សិក្ខាកាមចូលរួមជាមន្ត្រីសុខាភិបាល អ្នកឯកទេសជំងឺមហារីក និស្សិតឯកទេសជំងឺមហារីក សរុប ២០០នាក់។

​សិក្ខាសាលានេះ ពិតជាស្របតាម ផែនការយុទ្ធសាស្ត្រជាតិលើកទី២ សម្រាប់ ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង(២០២២-២០៣០) ។ ការរីករាលដាលនៃជំងឺមិនឆ្លងដែលកម្ពុជាកំពុងប្រឈម មិនអាចដោះស្រាយដោយក្រសួងសុខាភិបាលតែ ឯកឯងនោះទេ។ ក្រសួងសុខាភិបាល បានជម្រុញគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ឱ្យចាត់ទុកជំងឺមិនឆ្លងជា អាទិភាពមួយ និងធ្វើការរួមគ្នា ដើម្បីអនុវត្តសកម្មភាពកាត់បន្ថយបន្ទុកនៃជំងឺដែលអាចការពារបាននេះ ។ 

ហេតុដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវអាទិភាពជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងទាំងនេះ ដែលក្នុងនោះរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍបន្តនូវសមត្ថភាព និងគុណវុឍ្ឍិរបស់គ្រូពេទ្យព្យាបាល និងថែទាំ ព្រមជាមួយនឹងការបំពាក់នូវឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត ស្តង់ដារទំនើបៗសម្រាប់ការស្រាវជ្រាវ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលផងដែរ។   លោកស្រីបានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលផ្នែកជំងឺមហារីក ដើម្បីមានសមត្ថភាព កាន់តែខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺមហារីកនៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖