ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោកហ៊ុន ម៉ានី នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូកស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។
ក្នុងបរិយាសប្រកបដោយស្នាមញញឹមអ្នកតំណាងរាស្ត្រហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្ត មកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។
ក្នុងឱកាសនេះដែរ លោកក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន ក្នុងការធានាសុខុមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖«រយៈពេល ៤៤ ឆ្នាំ នៃការដឹក នាំរបស់គណបក្សប្រជាជនយើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀតដែលយើងត្រូវបន្តធ្វើដើម្បីប្រជាជន»។
លោកបានបន្តថា គណបក្សប្រជាជន តែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានភាពសប្បាយរីករាយ និងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណ បក្សប្រជាជន តែងតែស្វែងរកដំណោះស្រាយដើម្បីធានាឲ្យបានសុខសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជា។
សូមជម្រាបជូនដែរថា កម្មវិធីនាព្រឹកនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្រីសន្ធរ,លោកឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន,លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម,លោក ឡេង ផល្លី នាយកប្រតិបត្តិនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី និងក្រុម ការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣០០០ នាក់៕
ដោយ៖ សូរិយា