ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសឥណ្ឌា ៖ ស្ថានភាពនៅព្រំដែនឥណ្ឌានិងចិន កាន់តែគ្រោះថ្នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី ១៨ខែមីនា បានផ្សាយថា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Jaishankar) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ស្ថានការណ៍រវាងឥណ្ឌានឹងចិននៅឯតំបន់Ladakh ភាគខាងលិចជួរភ្នំហិមាល័យ នៅបន្តមានភាពផុយស្រួយនិងគ្រោះថ្នាក់ដដែល ខណៈដែលកងកម្លាំងយោធានៃប្រទេសទាំងពីរ ត្រូវបានដាក់ពង្រាយកៀកគ្នាជាខ្លាំង នៅតាមផ្នែកខ្លះនៃតំបន់នោះ។

ទាហានយ៉ាងតិចសរុប២៤នាក់ បានបាត់បង់ជីវិត នៅពេលភាគីទាំងពីរបានប៉ះទង្គិចគ្នាក្នុងតំបន់ខាងលើ កាលពីពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍បានថយចុះកម្តៅមកវិញ ក្រោយមានកិច្ចសន្ទនាតាមច្រកការទូត និងយោធាជាច្រើនជុំ។ កាលពីខែធ្នូ ឆ្នាំទៅមិញ អំពើហិង្សាក៏បានផ្ទុះឡើងជាថ្មីនៅចំណុចភាគខាងកើតនៃតំបន់ដែលគ្មានបន្ទាត់ព្រំដែនច្បាស់លាស់នោះផងដែរ រវាងមហាយក្សអាស៉ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា ប៉ុន្តែវាពុំបានបង្កឱ្យមានមនុស្សស្លាប់ឡើយ។
នៅថ្ងៃសៅរ៍នេះ លោកចាយសានកា បានលើកឡើងយ៉ាងដូច្នេះថា «តាមការយល់ឃើញរបស់ខ្ញុំ ស្ថានការណ៍នាពេលនេះ គឺហាក់នៅតែមានលក្ខណៈផុយស្រួយខ្លាំងដដែល ដោយសារកន្លែងខ្លះនៅមានការដាក់ពង្រាយកងទ័ពរបស់ពួកយើង ស្ថិតនៅកៀកគ្នាយ៉ាងខ្លាំង ដែលក្នុងការវាយតម្លៃខាងយោធា វាគឺជារឿងដ៏គ្រោះថ្នាក់មួយ»។
លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសង្កត់ធ្ងន់ថា ឥណ្ឌានិងចិនមិនអាចត្រឡប់ទៅរកប្រក្រតីភាពវិញនោះទេ រហូតទាល់តែជម្លោះព្រំដែន អាចត្រូវដោះស្រាយទៅបានដោយស្របតាមកិច្ចព្រមព្រៀងជាគោលការណ៍កាលពីខែកញ្ញា ឆ្នាំ២០២០ ដែលលោកសម្រេចបានជាមួយសមភាគីចិន។ លោក ចាយសានកា បានអះអាងថា រូបលោកបានពិភាក្សាអំពីស្ថានការណ៍ព្រំដែន ជាមួយរដ្ឋមន្រ្តីការបរទេសចិនថ្មី គឺលោក ឈិន កាង (Qin Gang) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេស G20 ដែលបានប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌា ក្នុងខែនេះ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖