ភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
គណៈប្រតិភូអមដំណើរបំពេញទស្សនកិច្ចការងារនាឱកាសនេះ រួមមាន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការព្រំដែន, លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្តីពីដំណើរទស្សនកិច្ចការងាររបស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ហើយជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរផងដែរ៕
ដោយ ៖ សហការី