ភ្នំពេញ ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដល់សាធារណជនជ្រាបថា គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។ ហេតុនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា+ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ ន.អ.ប សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៌មាន និងអតិថិជនរបស់គម្រោងទី២៩ ខាងលើចូលរួមសហការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធករណីនេះ ម្ចាស់គណនី facebook ឈ្មោះ (ម៉ន ដានី) អាចជាម្ចាស់អាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក បានបង្ហោះថា ( KP ចាយលុយ12,7M ទិញដី អត់បានប្លង់ ចុងក្រោយអ្នកវិនិយោគប្តីបរទេសសញ្ជាតិខ្មែរដូចខ្ញុំ ត្រូវរងគ្រោះអស់គ្រប់យ៉ាង😢😢😢) ក្នុងនោះក៏បាន Live ផងដែរ ៕
ដោយ ៖ សិលា